បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនខ្មែរចំនួន២ កំពុងនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេសដែលមានគោលដៅអ្នកប្រើប្រាស់ជាង ៥០០ លាននាក់

ក្រុមហ៊ុនខ្មែរចំនួន២ កំពុងនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេសដែលមានគោលដៅអ្នកប្រើប្រាស់ជាង ៥០០ លាននាក់

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំក្នុងស្រុកចំនួន២ ដែលបង្កើតឡើងដោយកូនខ្មែរ និងបានដំណើរការប្រមាណជិត៣០ឆ្នាំរួចមកហើយនោះ បាន និងកំពុងនាំយកផលិតផលទៅកាន់ទីផ្សារអន្តរជាតិយ៉ាងសកម្មដែលមានគោលដៅអ្នកប្រើប្រាស់មិនតិចជាង៥០០លាននាក់នោះទេ។

Advertisement

ឧកញ៉ា វេជ្ជបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទាំង២ បានបង្ហាញប្រាប់ឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងផលិត និងនាំយកផលិតទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេសនេះ ទី១ ក្រុមហ៊ុន ប៉េប៉េអឹម ហ្វាម៉ា បានដំណើរការ៣០ឆ្នាំ ហើយក្រុមហ៊ុនទី២ មានឈ្មោះ ខនហ្វីរេល ដែលបានដំណើរការ ២៥ឆ្នាំ ហើយ។ បច្ចុប្បន្ន ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊នទាំង២ នៅរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដី ៣ ៥០០ ម៉ែត្រការ៉េ និងផ្តល់ការងារដល់បុគ្គលិកជាង ៥០០ នាក់ ដោយផលិតឱសថ និងអាហារវេចខ្ចប់សម្រាប់ផ្គត់ផ្គង់​ទាំង​ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ឧកញ៉ា វេជ្ជបណ្ឌិត ហៃ លីអ៊ាង បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងនាំចេញផលិតផលទៅកាន់ទីផ្សារដែលមានអ្នកប្រើប្រាស់សរុបជាង ៥០០ លាននាក់ រួមមានទាំងសហរដ្ឋ អាម៉េរិក សហភាពអឺរ៉ុប កាណាដា និងទីផ្សារអាស៊ី ខណៈដែលផលិតផលឱសថរបស់ក្រុមហ៊ុន ប៉េប៉េអឹម ហ្វាម៉ា ប្រមាណ ៥០ ភាគរយ ត្រូវបាននាំចេញ។ ដោយឡែក ក្រុមហ៊ុន ខនហ្វីរេល ជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ ដែលផលិតទំនិញពីកសិផលចម្រុះ ដូចជា ត្នោត ម្រេច ស្វាយ គ្រាប់ស្វាយចន្ទី និងត្រី ទៅជាផលិតផលអាហារ គ្រឿងទេស ភេសជ្ជៈ និងស្រាជាដើម ហើយផលិតផលរបស់ក្រុមហ៊ុនមួយចំនួនត្រូវបានចុះបញ្ជីវិញ្ញាបនបត្រតក្កកម្ម។  

លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ថា ៖

«បេសកកម្មរបស់ក្រុមហ៊ុនជាសក្ខីភាពបញ្ជាក់ថា “ខ្មែរ​ធ្វើ​បាន” ដោយកែច្នៃកសិផល ដែលពីមុនគេមិនសូវឱ្យតម្លៃ ដូចជាត្នោត ឱ្យទៅជាផលិតផល​មាន​គុណ​ភាព​ខ្ពស់​ និងមានការទទួលស្គាល់ទូទាំងពិភពលោក។ ក្រុមហ៊ុនក៏មានផែនការពង្រីកផលិតផលធ្វើពីស្វាយចំនួន ៥០០ តោន ក្នុងឆ្នាំ​២០២៦ នេះ ដោយប្រើវិធីសាស្ត្រផលិតកម្មចក្រា ហើយកំពុងរៀបចំពង្រីកបណ្តាញលក់ ដែលក្នុងនោះ​គោលដៅសម្រាប់ប្រទេសជប៉ុនគឺចំនួន ៤០០ ទីតាំងនៅក្នុងឆ្នាំ២០២៦»។


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកមុ្មរបស់ក្រុមហ៊ុន ប៉េប៉េអឹម ហ្វាម៉ា និង ខនហ្វីរេល កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានកោតសរសើរក្រុមហ៊ុនដែលបានលើកតម្កើងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជាលើទីផ្សារអន្តរជាតិ និងបានរួមចំណែកដល់ការធ្វើទំនើបកម្ម​ឧស្សាហកម្មរបស់កម្ពុជា តាមរយៈការផលិតទំនិញដែលផ្តល់​​តម្លៃបន្ថែមខ្ពស់។

ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនចែករំលែកភាពជោគជ័យរបស់ខ្លួនជាមួយធុរកិច្ចថ្មី និង​សហគ្រាស​ធុនតូច និងមធ្យមផ្សេងទៀត ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រីក​សក្តានុ​ពលដោយចាប់យកបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនថ្មីៗ ការលើកកម្ពស់ផលិតភាព និងកិច្ចសហការ​កាន់​តែរឹងមាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ៖

«ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការ និងគាំទ្រក្រុមហ៊ុនលើការងារសំខាន់ៗ ដូចជា ការចុះបញ្ជីផលិតផល ការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ និងការអភិវឌ្ឍស្តង់ដា រួមទាំងការស្រាវ​ជ្រាវ និងអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន សាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។

នៅក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុនឱ្យចូលរួមបង្ហាញនវានុវត្តន៍របស់ខ្លួននៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ដែលគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះផងដែរ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា