បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទាំងតម្លៃមាស និងប្រេង បន្តឡើងថ្លៃដល់កម្រិតខ្ពស់​ ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់

ទាំងតម្លៃមាស និងប្រេង បន្តឡើងថ្លៃដល់កម្រិតខ្ពស់​ ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់

បរទេស៖ តម្លៃមាស និងប្រេង បានបន្តឡើងថ្លៃដល់កម្រិតខ្ពស់មិនធ្លាប់ក្នុងរយៈពេលជិត ៧ខែជាប់គ្នា ដោយសារតែភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់កាន់តែកើនកំដៅ មិនទាន់រកច្រកចេញនៅឡើយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNN ។

Advertisement

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១,៨៦% ឬ ៧១,៦៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៩% ឬ ៦៦,៤៣ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃពុធ តម្លៃ​ប្រេង​​​បាន​ឡើង​ថ្លៃ​ជាង ៤% ដែលជាការកើនឡើងដល់កម្រិតខ្ពស់បំផុត​​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ២០២៥។ ដោយឡែក ងាកទៅទីផ្សារមាសវិញ បានឡើងថ្លៃប្រមាណ ២%  ឬ មានតម្លៃ ៥ ០០០ ដុល្លារក្នុងមួយអោន។ (នៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៦ ០៣៣ ដុល្លារក្នុងមួយតម្លឹង និង ៦០៣ ក្នុងមួយជី)។

ថ្មីៗនេះ អ្នកតំណាងអាម៉េរិក និងអ៊ីរ៉ង់បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវសម្រាប់កិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ យ៉ាងណាមិញ ការចរចាហាក់មិនមានភាពរលូននោះទេ ដោយអនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានលើកឡើងថា អ្នកចរចាអ៊ីរ៉ង់មិនបានទទួលស្គាល់បន្ទាត់ក្រហមមួយចំនួនរបស់ប្រធានាធិបតី Donald Trump។ ការ​ចរចា​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​អាម៉េរិក​បញ្ជូន​យោធា​ទៅ​តំបន់​មជ្ឈិមបូព៌ា ដែលកាន់តែធ្វើឱ្យមានការភ័យខ្លាចចំពោះការរំខានលើការផ្គត់ផ្គង់ប្រេងពិភពលោក ។ ជាមួយគ្នានេះ គេនៅមានក្ដីបារម្ភខ្លាំងពីច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរនៃការផ្គត់ផ្គង់ប្រេងពិភពលោក ក្នុងបរិមាណប្រហែល ២០ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ស្មើនឹង ២០% នៃការប្រើប្រាស់ប្រេងរបស់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ភាពតានតឹងភូមិសាស្ត្រនយោបាយរវាងអាម៉េរិក និងអ៊ីរ៉ង់ បានធ្វើឲ្យអ្នកវិនិយោគសំរុកទៅរកមាស ដែលជាទ្រព្យសម្បត្តិមានសុវត្ថិភាពនៅពេលដែលពិភពលោកមានការប្រែប្រួល។ សូមជម្រាបដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz សម្រាប់សមយុទ្ធកងទ័ពជើងទឹកត្រីភាគីដែលបានគ្រោងទុក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា