បរទេស៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខាធ្វើសេចក្តីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដោយទីក្រុងវ៉ាស៊ីនតោនយល់ព្រមរក្សាពន្ធ ១៩% លើការនាំចូលពីឥណ្ឌូណេស៊ី ដែលខ្លួនធ្លាប់បានសន្យាពីមុន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

បរទេស៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខាធ្វើសេចក្តីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដោយទីក្រុងវ៉ាស៊ីនតោនយល់ព្រមរក្សាពន្ធ ១៩% លើការនាំចូលពីឥណ្ឌូណេស៊ី ដែលខ្លួនធ្លាប់បានសន្យាពីមុន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី លោក Airlangga Hartarto និងតំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាបន្ទាប់ពីចរចាពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែ។ កិច្ចព្រមព្រៀងនេះចូលជាធរមាន ៩០ ថ្ងៃបន្ទាប់ពីភាគីទាំងពីរបានបញ្ចប់នីតិវិធីច្បាប់ដែលពាក់ព័ន្ធ ប៉ុន្តែការផ្លាស់ប្តូរអាចនៅតែកើតឡើង ប្រសិនបើភាគីទាំងពីរយល់ព្រម។ កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្ទាបពន្ធលើការនាំចូលពីឥណ្ឌូនេស៊ីមកត្រឹម ១៩% ខណៈដែលអត្រាដំបូង ៣២%។

លោក Airlangga ថ្លែងក្នុងសន្និសីទសារព័ត៌មានអនឡាញជាមួយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីថា កិច្ចព្រមព្រៀងនេះគោរពអធិបតេយ្យភាពនៃប្រទេសទាំងពីរ ដោយពណ៌នាកិច្ចព្រមព្រៀងនេះថាជាគោលការណ៍ “ឈ្នះ-ឈ្នះ” សម្រាប់ប្រទេសទាំងពីរ។ រដ្ឋាភិបាលទីក្រុងហ្សាកាតាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា កាហ្វេ សូកូឡា កៅស៊ូធម្មជាតិ និងគ្រឿងទេសរបស់ឥណ្ឌូនេស៊ី នឹងមិនជាប់ពន្ធនោះទេ ក្នុងចំណោមទំនិញជិត ១ ៧០០ ផ្សេងទៀតដែលជាប់ពន្ធ។ លើសពីនេះ ផលិតផលវាយនភណ្ឌរបស់ឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងការពិភាក្សាសម្រាប់ពន្ធ ០% ក្រោមយន្តការតារាងតម្លៃពន្ធ។ ក្នុងអំឡុងពេលការចរចា អាម៉េរិកយល់ព្រមដកសំណើរបស់ខ្លួនក្នុងការបន្ថែមបទប្បញ្ញត្តិមិនមែនសេដ្ឋកិច្ចទៅក្នុងកិច្ចព្រមព្រៀងរួមមាន បញ្ហាទាក់ទងនឹងការអភិវឌ្ឍរ៉េអាក់ទ័រនុយក្លេអ៊ែរ និងសមុទ្រចិនខាងត្បូងផងដែរ។ កិច្ចព្រមព្រៀងនេះមិនរឹតបន្តឹងលើពាណិជ្ជកម្មណាដែលមានការដឹកជញ្ជូនពីប្រទេសចិនតាមរយៈប្រទេសទី៣នោះទេ ដោយសារតែមិនមានអាជីវកម្មបែបនេះកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ីដកចេញរបាំងពន្ធលើផលិតផលជាច្រើនរបស់អាម៉េរិកនៅគ្រប់វិស័យទាំងអស់ និងទទួលយកស្តង់ដារផលិតផលរបស់អាម៉េរិកស្តីពីសុវត្ថិភាពយានយន្ត ការបំភាយឧស្ម័ន ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌូណេស៊ីនឹងអនុញ្ញាត និងសម្របសម្រួលការវិនិយោគរបស់អាម៉េរិកលើធនធានរ៉ែសំខាន់ៗ និងថាមពលក្រោមលក្ខខណ្ឌដែលស្រដៀងទៅនឹងការយោគយល់របស់ទីក្រុងហ្សាកាតាចំពោះអ្នកវិនិយោគផ្ទាល់៕
