ក្នុងជំហានឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថលកម្រិតរដ្ឋបាលសាធារណៈ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នោះគឺ “ប្រព័ន្ធអេកូឡូស៊ីថ្នាលបឋម” ដែលកំពុងជួយពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទិន្នន័យ និងធនធានមនុស្សប្រកបដោយភាពជឿជាក់ និងសុពលភាពខ្ពស់។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បត្តិ៍ ជាមួយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទិន្នន័យជាក់ស្ដែង នាយកដ្ឋានបឋមសិក្សាបាននិងកំពុងអនុវត្ត “ប្រព័ន្ធអេកូឡូស៊ីថ្នាលបឋម” ដែលរួមមាន ៖
១. ប្រព័ន្ធថ្នាលបឋម (PLP) : ដែលត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងដំណើរការបង្រៀន ការរៀន និងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សានុសិស្សផ្ទាល់។
២. ប្រព័ន្ធគ្រប់គ្រងសាលារៀន (SMS) : ប្រព័ន្ធនេះផ្ដោតលើរដ្ឋបាលសាលារៀន ដែលរួមមានទិន្នន័យទូទៅ និងការតាមដានវត្តមានរបស់គ្រូបង្រៀន និងសិស្សដោយស្វ័យប្រវត្តិ។
៣. ប្រព័ន្ធគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល (TMS) : ជាប្រព័ន្ធសម្រាប់តាមដានរាល់វគ្គបណ្ដុះបណ្ដាលសមត្ថភាពគ្រូ និងជាថ្នាលសម្រាប់រៀនសូត្រតាមអនឡាញ (E-learning)។
៤. ប្រព័ន្ធប្រឹក្សាគរុកោសល្យ (MMS) : ប្រើសម្រាប់ការប្រមូលទិន្នន័យចុះបង្វឹក (Coaching) និងគាំទ្របច្ចេកទេសបង្រៀនដល់គ្រូៗនៅតាមសាលារៀនផ្ទាល់។
៥. ប្រព័ន្ធគ្រប់គ្រងស្តង់ដាសាលាបឋមសិក្សាគំរូ (MSS): សម្រាប់ប្រែក្លាយទិន្នន័យពីប្រព័ន្ធនានាឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់តាមដានការអនុវត្តស្តង់ដាសាលារៀនគំរូ និងបង្កើតបានជាបណ្ណព័ត៌មានសាលារៀន។
ឯកឧត្តម យក់ ប៊ុនណា បានសម្ដែងការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយថា ប្រព័ន្ធទាំងនេះមិនត្រឹមតែជួយដល់ក្រសួងអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំនួយការដ៏ស័ក្តិសិទ្ធិដល់ក្រសួងមុខងារសាធារណៈ ក្នុងការធ្វើជំរឿនមន្ត្រីអប់រំ និងការរៀបចំផែនការតម្រូវការគ្រូបង្រៀនឱ្យមានភាពសុក្រឹតបំផុត៕