នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានលើកទី១១ ដោយផ្តោតលើការផ្សព្វផ្សាយអំពីវិធីសាស្ត្រអំណានដំបូង ប្រវត្តិភាសាខ្មែរ ការលើកកម្ពស់អ្នកនិពន្ធសតវត្សទី២១ ពិសេសអំណានក្នុងបរិបទថ្មី។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានលើកទី១១ ដោយផ្តោតលើការផ្សព្វផ្សាយអំពីវិធីសាស្ត្រអំណានដំបូង ប្រវត្តិភាសាខ្មែរ ការលើកកម្ពស់អ្នកនិពន្ធសតវត្សទី២១ ពិសេសអំណានក្នុងបរិបទថ្មី។
ជារៀងរាល់ឆ្នាំ ក្រសួងអប់រំតែងប្រារព្ធធ្វើទិវាជាតិអំណាន នៅថ្ងៃទី១១ ខែមីនា ចំថ្ងៃ នៃការប្រសូត្ររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីសម្តែងនូវកតញ្ញូតាចំពោះស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការអភិរក្សអក្សរសាស្ត្រជាតិ និងការចងក្រងវចនានុក្រមខ្មែរ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។
ក្រៅពីនេះ បើតាមក្រសួងអប់រំ ការប្រារព្ធទិវាជាតិអំណាន គឺក្នុងគោលបំណងបន្តបណ្ដុះទម្លាប់អាន និងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

បើតាមក្រសួងអប់រំ ទិវាជាតិអំណានឆ្នាំនេះ រៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយរួមបញ្ចូលជាកម្មវិធីអមជាច្រើនដូចជា បាឋកថាស្តីពី “ប្រវត្តិភាសាខ្មែរ” ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, វេទិកាតុមូល, ការប្រឡងប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លី “ខ្ញុំស្រឡាញ់ភូមិខ្ញុំ” និងអត្ថបទឧស្សាហ៍កថា “ការបណ្តុះមនសិការជាតិ” តាមរយៈវណ្ណកម្មរបស់អ្នកនិពន្ធ ជុត ខៃ។ ជាមួយគ្នានេះ ក៏មានពិព័រណ៍សៀវភៅ ដែលត្រូវរៀបចំឡើងរហូតដល់ទៅរយៈពេល៥ថ្ងៃ ដោយផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕
