ក្រសួងអប់រំ បានអំពាវនាវឱ្យសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការបង្កើតបន្ទប់រៀនឌីជីថល SALACAMP ដើម្បីនាំយកបច្ចេកវិទ្យាចល័ត និងចំណេះដឹងឌីជីថលទៅកាន់កុមារភៀសសឹក និងតំបន់ដាច់ស្រយាល។

ក្រសួងអប់រំ បានអំពាវនាវឱ្យសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការបង្កើតបន្ទប់រៀនឌីជីថល SALACAMP ដើម្បីនាំយកបច្ចេកវិទ្យាចល័ត និងចំណេះដឹងឌីជីថលទៅកាន់កុមារភៀសសឹក និងតំបន់ដាច់ស្រយាល។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ក្រសួងអប់រំលើកឡើងថា ជម្លោះព្រំដែនធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសរៀនសូត្រ។ ដូច្នេះ SALACAMP គឺជាដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ក្នុងការនាំយក “សាលារៀនឌីជីថលចល័ត” ទៅកាន់កុមារនៅជំរំភៀសសឹក និងតំបន់ដាច់ស្រយាលដែលគ្មានអគារសិក្សា និងសេវាអ៊ីនធឺណិត។



បើតាមក្រសួងអប់រំ ការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន គឺជាការចូលរួមផ្តល់ក្តីសង្ឃឹម និងឱកាសសិក្សាបច្ចេកវិទ្យាដល់កុមារដែលកំពុងរងគ្រោះ ដើម្បីធានាថា ពួកគេមិនបោះបង់ការសិក្សា ទទួលបានឱកាសសិក្សាពុំធ្លាប់មានពីមុនមក និងប្រើប្រាស់ជំនួយចំគោលដៅ។
ផ្នែកផ្សេងៗនៃ SALACAMP រួមមាន កុំព្យូទ័រលើតុ ម៉ាសីនបម្រើមាតិកា (ឃ្លីប, សៀវភៅ ៥០០០+) បណ្ដាញ FiWi , កម្មវិធី SALACAMP និងបន្ទប់កុំព្យូទ័រចល័ត។
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កុងតឺន័រដឹកជញ្ជូន ត្រូវបានប្តូរទៅជាថ្នាក់រៀនឌីជីថល ដែលថ្នាក់នីមួយៗ មានបំពាក់កុំព្យូទ័រពី ៦គ្រឿង ឬ១០គ្រឿង និងម៉ាស៊ីនបម្រើមាតិកា សម្រាប់ផ្ទុកឯកសារមេរៀន ដែលមិនទាមទារអ៊ីនធឺណិត ប៉ុន្តែមានល្បឿនលឿន។
ឯកឧត្តមមានប្រសាសន៍នៅក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំរបស់ក្រសួងអប់រំថា បន្ទប់ឌីជីថលមួយមានតម្លៃជាង ២ពាន់ដុល្លារ ហើយបើរួមបញ្ចូលកុំព្យូទ័រផង សរុបប្រហែល ៩ពាន់ដុល្លារ៕
