ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិកនៃការអប់រំភាពជាពលរដ្ឋ សាកលនៃសាធារណរដ្ឋកូរ៉េ នឹងជ្រើសរើសគ្រូបង្រៀនកម្ពុជា ១០រូប ទៅបង្រៀនតាមសាលារៀនគោលដៅចំនួន ៥ រយៈពេល ៨៩ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ។
គ្រូបង្រៀនដែលនឹងត្រូវជ្រើសរើស ត្រូវតែជាគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង, មានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ក្នុងជំនាញអប់រំ ឬជំនាញដែលពាក់ព័ន្ធនឹងមុខវិជ្ជា ដែលត្រូវបង្រៀន, មានបទពិសោធជាគ្រូបង្រៀន ឬជាគ្រូឧទ្ទេសយ៉ាងតិច ៣-៥ឆ្នាំ និងមានលទ្ធផលការងារលេចធ្លោ, មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន, អាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកម្មវិធីកុំព្យូទ័រ Microsoft Office ឬកម្មវិធីពាក់ព័ន្ធផ្សេងទៀត សម្រាប់គាំទ្រកិច្ចការបង្រៀនកាន់តែប្រសើរ។
លោកគ្រូអ្នកគ្រូ ក៏ត្រូវមានចំណេះដឹង និងបទពិសោធក្នុងការអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំផែនការបង្រៀន និងការវាយតម្លៃសមត្ថភាពសិស្ស, មានមនសិការវិជ្ជាជីវៈខ្ពស់ ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងការតំណាងឱ្យវិស័យអប់រំកម្ពុជា នៅក្រៅប្រទេស, មានការយល់ដឹងអំពីវប្បធម៌ ប្រពៃណី និងវិន័យការងារអន្តរជាតិ ជាពិសេសវប្បធម៌កូរ៉េ ឬមានសមត្ថភាព សម្របខ្លួនទៅបរិបទវប្បធម៌ថ្មីបានល្អ មានឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹង និងបទពិសោធដែលទទួលបានពីកម្មវិធី ជូនដល់ក្រុមការងារ និងអង្គភាព បន្ទាប់ពីត្រឡប់មកពីការបំពេញការងារវិញ, មានបុគ្គលិកលក្ខណៈ ក្រមសីលធម៌ល្អ សមត្ថភាពក្នុងការទំនាក់ទំនង ការដោះស្រាយបញ្ហា និង អាចធ្វើការងារជាបុគ្គល និងជាក្រុម, មានសុខភាពល្អបរិបូណ៌ និងកាយសម្បទារឹងមាំ។
សម្រាប់លោកគ្រូអ្នកគ្រូដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យសុំចុះឈ្មោះ និងភ្ជាប់មកជាមួយនូវសំណុំឯកសារពាក់ព័ន្ធដូច ប្រវត្តិរូបជាភាសាអង់គ្លេស, កម្រិតសញ្ញាបត្រដែលមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច, វិញ្ញាបនបត្រផ្សេងៗ (បើមាន), រូបថត ៤x៦ ភ្ជាប់ជាមួយប្រវត្តិរូប រួចបញ្ជូនទៅអគ្គនាយកដ្ឋានអប់រំ យ៉ាងយូរត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
លោកគ្រូអ្នកគ្រូ ដែលជាប់ការធ្វើជម្រើសដំបូង (Shortlist) ក្រសួងនឹងបន្តនីតិវិធីវាយតម្លៃ ធ្វើការសម្ភាស និងការធ្វើតេស្តសមត្ថភាពប្រើកុំព្យូទ័រ ដោយគណៈកម្មការដឹកនាំ ជ្រើសរើស និងសម្របសម្រួល “កម្មវិធី ការផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិ កូរ៉េ-កម្ពុជា ឆ្នាំ២០២៦”៕