ជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជូនអាហារក្តៅៗប្រកបដោយអនាម័យ និងមានជីវជាតិគ្រប់គ្រាន់នៅតាមសាលារៀន ដើម្បីជំរុញការអភិវឌ្ឍបញ្ញាស្មារតីរបស់កុមារ, កម្មវិធីផ្តល់អាហារតាមសាលារៀន ដែលបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៩ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ នឹងត្រូវផ្ទេរមកជាកម្មវិធីជាតិទាំងស្រុងនៅត្រឹមឆ្នាំ២០២៨ខាងមុខ។
តាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម គិតត្រឹមដើមឆ្នាំ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀន បាននិងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង ដោយសាលារៀនចំនួន ៨១៦ប្រើប្រាស់ថវិកាជាតិ និងសាលារៀនចំនួន ២៩៨កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងផ្តល់ផលដល់សិស្សានុសិស្សសរុបប្រមាណ ៣០ម៉ឺននាក់។
កម្មវិធីផ្តល់អាហារតាមសាលារៀន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់, កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ តាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍។
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅចុងខែកុម្ភៈនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយកម្ពុជា នឹងធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាមួយក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងស្មារតីជាតិដល់កុមារឱ្យមានគំនិតស្រឡាញ់សហគមន៍ និងសាលារៀន មានអារម្មណ៍ទទួលបានសមភាពសង្គម និងភាពជាផ្នែកមួយ នៃការយកចិត្តទុកដាក់របស់សង្គម។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ជាទិសដៅបន្តទៀត កម្មវិធីផ្តល់អាហារតាមសាលារៀន នឹងអាចរៀបចំពង្រឹងបន្ថែម ឱ្យក្លាយជាយន្តការស្តុកទុកស្បៀង ដែលនឹងអាចកា្លយជាការធានាភាពមានស្បៀងគ្រប់គ្រាន់ សម្រាប់កុមារនៅពេលមានគ្រោះអាសន្នកើតឡើង៕