បច្ចុប្បន្នភាពខ្មាសអៀនបានក្លាយជាមូលហេតុដ៏ធំមួយក្នុងការរារាំងមនុស្សជាច្រើនក្នុងសង្គមយើងពីការយល់ដឹងអំពីចំណេះដឹងផ្លូវភេទដោយសារកាលណាគេនិយាយពី ‘ចំណេះដឹងផ្លូវភេទ’ មនុស្សភាគច្រើនតែងតែគិតទៅដល់ការរួមភេទតែមួយមុខគត់។
បច្ចុប្បន្នភាពខ្មាសអៀនបានក្លាយជាមូលហេតុដ៏ធំមួយក្នុងការរារាំងមនុស្សជាច្រើនក្នុងសង្គមយើងពីការយល់ដឹងអំពីចំណេះដឹងផ្លូវភេទដោយសារកាលណាគេនិយាយពី ‘ចំណេះដឹងផ្លូវភេទ’ មនុស្សភាគច្រើនតែងតែគិតទៅដល់ការរួមភេទតែមួយមុខគត់។
ប៉ុន្តែតាមពិតទៅ ការអប់រំផ្លូវភេទ (Sex Education) គឺជាការសិក្សាឱ្យស៊ីជម្រៅពីទំនាក់ទំនងរាងកាយ សុខភាពបន្តពូជ ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងព័ត៌មានវិទ្យាសាស្ត្រជាច្រើនទៀត។ ខណៈពេលដែលមនុស្សជាច្រើននៅតែលាក់បាំងភាពអៀនខ្មាស ittakeabreath.com បានហេតុផលខាងក្រោមនេះនឹងបង្ហាញថាហេតុអ្វីបានជាយុវជនចាំបាច់ត្រូវទទួលបានការអប់រំផ្លូវភេទឱ្យបានទូលំទូលាយ៖

១. វប្បធម៌នៃព័ត៌មានបំពុល
សម័យកាលបច្ចុប្បន្នជាសម័យកាលពោរពេញទៅដោយព័ត៌មានបំពុលតាមរយៈប្រពន្ធផ្សព្វផ្សាយនានា វិស័យសិល្បៈចម្រៀង និងខ្សែភាពយន្ដ ព្រមទាំងការឃោសនាពីវប្បធម៌សម័យថ្មីដែលធ្វើឱ្យយុវជនភាគច្រើនទទួលបានការសិក្សាបែបអសកម្ម និងអវិជ្ជមានច្រើនរាប់មិនអស់។ ជាពិសេសនៅពេលដែលប្រធានបទ “ការអបរំផ្លូវភេទ” ត្រូវបានគេលើកឡើងមកនិយាយពួកគេនឹងគិតទៅដល់រឿងរួមភេទ ឬរឿងអាសអាភាសជាជាងការគិតឱ្យដល់ទៅលើចំណុចសំខាន់ផ្សេងទៀត។ ការរស់នៅបែបនេះគឺជាការបោះបង់ចោលទំនួលខុសត្រូវចំពោះខ្លួនឯង និងអនាគតកូនចៅ ខណៈដែលការស្វែងរកចំណេះដឹងពិតប្រាកដពីអ្នកជំនាញដែលមានក្រមសីលធម៌ គឺជាអាវក្រោះដ៏សំខាន់សម្រាប់ជួយយើងឱ្យចេះបែងចែករវាងការបោកបញ្ឆោត និងការពិត។ នៅពេលយើងត្រៀមខ្លួនជាមួយព័ត៌មានត្រឹមត្រូវ វាមិនត្រឹមតែជួយឱ្យយើងមានសុខុមាលភាព និងភាពរីកចម្រើនក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយើងរស់នៅដោយមានម្ចាស់ការ និងមិនងាយចាញ់បោកការបំភាន់របស់សង្គមឡើយ។

២. ចេះការពារខ្លួនឯង
ការអប់រំផ្លូវភេទដ៏ទូលំទូលាយគឺជា “ខែលការពារ” ដ៏សំខាន់ដែលជួយឱ្យយុវជនយល់ដឹងពីសិទ្ធិ ព្រំដែនរាងកាយ និងសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ដើម្បីជៀសផុតពីអំពើហិង្សាគ្រប់រូបភាពក្នុងទំនាក់ទំនង។ ការបង្រៀនអំពីក្រមសីលធម៌ ការគោរពគ្នា និងការព្រមព្រៀងគ្នា នឹងជួយឱ្យយុវជនមិនធ្លាក់ក្នុងអន្ទាក់នៃរូបភាពបំភាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយដែលជារឿយៗបង្ហាញពីការគ្រប់គ្រងរបស់ដៃគូថាជារឿងរ៉ូមែនទិក។ ក្នុងនាមជាមនុស្សពេញវ័យ យុវជនទាំងអស់មានកាតព្វកិច្ចជម្រុញឱ្យការពិភាក្សារឿងផ្លូវភេទក្លាយជារឿងធម្មតា និងប្រកបដោយការបើកចំហ ដើម្បីការពារកុមារ និងសហគមន៍ពីគ្រោះថ្នាក់ក៏ដូចជាកសាងវប្បធម៌នៃការទំនាក់ទំនងដ៏មានសុខុមាលភាពរវាងដៃគូ។

៣. ការបំបែករនាំងនៃភាពអាម៉ាស់
ភាពអាម៉ាស់ត្រូវបានគេចាត់ទុកជាឃាតករលាក់មុខដែលបំផ្លាញតម្លៃខ្លួនឯង និងបង្កើតជញ្ជាំងបិទខ្ទប់ទំនាក់ទំនង ជាពិសេសក្នុងរឿងផ្លូវភេទដែលជារឿងងាយរងគ្រោះបំផុត។ ភាពស្ងៀមស្ងាត់មិនព្រមនិយាយ និងការទទួលរងនូវរូបភាពបំភាន់ពីវប្បធម៌សម័យថ្មី បានធ្វើឱ្យយើងយល់ច្រឡំថារឿងធម្មតាទៅជារឿងចម្លែក រហូតបង្កជាស្តង់ដារដែលមិនអាចទៅរួច និងការស្អប់រាងកាយខ្លួនឯង។ ការទទួលបានការអប់រំផ្លូវភេទត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអាម៉ាស់ទាំងនេះ ព្រោះវានាំឱ្យយើងស្គាល់ពីការពិតនៃរាងកាយ និងយល់ថាអ្វីទៅជាភាពធម្មតាដែលមានសុខភាពល្អ។ នៅពេលយើងបំពាក់បំប៉នដោយចំណេះដឹង យើងនឹងឈប់ធ្វើបាបខ្លួនឯង លែងបង្ខំខ្លួនឯងឱ្យចូលក្នុងចំណោមមួយដែលមិនអាចទៅរួច ហើយអាចបើកចិត្តចែករំលែកជាមួយដៃគូដោយភាពជឿជាក់ និងមានសុភមង្គល។

៤. បង្កាការមានផ្ទៃពោះចៃដន្យ
ការមានផ្ទៃពោះចៃដន្យរបស់យុវជនគឺជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច សុខភាពសាធារណៈ និងសុខុមាលភាពផ្លូវចិត្តរបស់បុគ្គល និងគ្រួសារ។ តាមរយៈការស្រាវជ្រាវ ការអប់រំផ្លូវភេទដ៏ទូលំទូលាយគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតព្រោះវាផ្ដល់អំណាចដល់បុគ្គលឱ្យយល់ដឹងពីដំណើរការនៃរាងកាយ និងចេះធ្វើការសម្រេចចិត្តដោយវិចារណញាណ។ ផ្ទុយពីការអប់រំបែបបង្ខិតបង្ខំ ឬការគ្រាន់តែហាមឃាត់មិនឱ្យរួមភេទដែលនេះជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ការទទួលយកចំណេះដឹងត្រឹមត្រូវមិនត្រឹមតែជួយការពារបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគដ៏ល្អដើម្បីឱ្យសហគមន៍ទាំងមូលអាចរីកចម្រើន និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតចេញពីការមិនបានត្រៀមខ្លួនទុកជាមុន។

៥. ការជ្រើសរើសជីវិតរស់នៅល្អបំផុត
ចំណេះដឹងផ្លូវភេទគឺជាអំណាចដែលជួយឱ្យយុវជនទាំងអស់ចេះថែរក្សាសុខភាពរាងកាយ និងផ្លូវចិត្តឱ្យល្អបំផុតសម្រាប់ខ្លួនឯង តាមរយៈការស្វែងយល់ពីវិទ្យាសាស្ត្រពិតប្រាកដដូចជាកម្រិត pH ការប្រែប្រួលអរម៉ូន និងវដ្តនៃការស្រើបស្រាលជាដើម។ ការស្វែងយល់អំពីការពិត និងទិន្នន័យស្រាវជ្រាវ មិនត្រឹមតែជួយឱ្យបុគ្គលម្នាក់ៗអាចធ្វើការជ្រើសរើសដ៏ឆ្លាតវៃ និងទទួលបានភាពរីករាយប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏សំខាន់សម្រាប់ឪពុកម្តាយ ឬអ្នកដឹកនាំក្នុងការណែនាំកូនចៅឱ្យចេះការពារខ្លួន និងថែរក្សាសុខភាពឱ្យល្អមុនពេលពួកគេសម្រេចចិត្តឈានជើងចូលក្នុងពិភពនៃទំនាក់ទំនង។ ការផ្លាស់ប្តូរពីភាពស្រពិចស្រពិលមកជាការយល់ដឹងច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅជីវិតដែលមានតុល្យភាព និងគ្មានភាពអាម៉ាស់។
ដូច្នេះហើយការអប់រំផ្លូវភេទគឺជាការការពារដ៏ល្អបំផុត។ ការផ្ដល់ចំណេះដឹងត្រឹមត្រូវដល់ខ្លួនឯង និងកូនចៅជំនាន់ក្រោយនៅថ្ងៃនេះ គឺជាការវិនិយោគលើសុខុមាលភាព និងអនាគតដ៏មានសេចក្តីសុខបំផុតសម្រាប់មនុស្សជាតិទាំងមូល៕

