ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់របស់វាជាមួយនឹងតុក្កាតសំណព្វចិត្វពណ៌ទឹកក្រូចមួយ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ អ្នកទស្សនា និងទេសចរទាំងអស់ក៏រំជួលមិនតិចដែរនៅពេលដែលបានដឹងពីរឿងរ៉ាវដ៏កម្សត់របស់កូនស្វាមួយក្បាលនេះ។
យោងតាមសារព័ត៌មាន Time of India កូនស្វាមួយក្បាលមានឈ្មោះថា Punch ត្រូវបានមេរបស់វាបោះបង់ចោលតាំងពីកើតមកកាលពីខែកក្កដា ឆ្នាំ២០២៥។ ដោយមិនថាវាខំប្រឹងទៅជិតដើម្បីអោបទាមទារភាពកកក់ក្ដៅ ឬយ៉ាងណានោះទេក៏ត្រូវមេរបស់វាខាំ ឬច្រានចេញដែរ។ តាមបុគ្គលិកសួនសត្វបានឱ្យដឹងដោយសារនេះជាលើកដំបូងដែលមេរបស់វាមានកូនគួបផ្សំនឹងចំរដូវក្ដៅផងនោះ ទើបមេរបស់វាមិនទាន់អាចសម្របនឹងស្ថានភាពរបស់ខ្លួនឯងបាន។ ហេតុនេះហើយទើបធ្វើឱ្យ Punch ធំធាត់ឡើងដោយមិនដែលទទួលភាពកក់ក្ដៅសោះ និងមិនចុះសម្រុងជាមួយសត្វដទៃក្នុងសួនបាន។ ឃើញដូចនេះទើបបុគ្គលិកមើលថែនៅទីនោះបានព្យាយាមសាកល្បងយកតុក្កតាស្វាអ៊ូរ៉ង់អ៊ូតង់ពណ៌ទឹកក្រូចឱ្យ Punch ដើម្បីឱ្យជួយព្យាបាលអាការៈថប់បារម្ភរបស់វា និងភាពឯកោរបស់កូនស្វា។
ក្រោយពីបានតុក្កតាហើយអាការៈរបស់វាក៏ចាប់ផ្ដើមធូរស្រាលសន្សឹមៗដោយអាចចុះសម្រុងជាមួយស្វាដទៃ និងចាប់ផ្ដើមស្គាល់អារម្មណ៍នៃភាពកក់ក្ដៅតាមរយៈការអោបតុក្កតាដែលមានរោមទន់ៗនោះព្រោះវាគិតថាជាម្ដាយរបស់វា។ ដូច្នេះហើយវាតែងតែយកតុក្កតានោះជាប់តាមខ្លួនរហូតគ្រប់កន្លែងមិនថាវាដើរទៅទីណានោះទេ។ ក្រោយពីវីដេអូរបស់ Punch ត្រូវបានចែកចាយនៅលើ X ហើយ មានការបញ្ចេញមតិខុសៗគ្នាជាច្រើនដោយមានទាំងអារម្មណ៍អាណិត និងគួរឱ្យស្រឡាញ់ក្នុងពេលតែមួយ។ ជាងនេះទៅទៀត បុគ្គលិកនៅសួនសត្វ Ichikawa ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារពួកគេមិនដែលមនុស្សកុះករមកលេងសួនសត្វច្រើនបែបនេះពីមុនមកឡើយ ហើយពួកគេក៏បានបង្ហោះសំណេរសុំអភ័យទោសចំពោះការបម្រើសេវាកម្មយឺតយ៉ាវទៀតផង៕