នៅក្នុងអនុក្រឹត្យចំនួនពីរចុះហត្ថលេខានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦តែមួយដូចគ្នា សម្តេចបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោកឧត្ដមសេនីយ៍ទោ ឡោ សុខា ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដដែលនេះ។
អនុក្រឹត្យទាំងពីមិនបានពន្យល់ពីមូលហេតុនៃការដកតំណែងនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ធ្វើឡើងតាមការចាំបាច់របស់រាជរដ្ឋាភិបាល។ មជ្ឈដ្ឋានមួយចំនួនសង្ស័យថា ការសម្រេចវះកាត់នេះធ្វើឡើងដោយសារមេដឹកនាំកងកម្លាំងប្រចាំខេត្តភូមិភាគឦសាននេះមានភាពអសកម្មក្នុងការបំពេញភារកិច្ច ជាពិសេសក្នុងការងារបង្រ្កាបបទល្មើសបច្ចេកវិទ្យា ឬអនឡាញស្កែម។
ក្នុងរយៈពេលចុងក្រោយនេះ មន្រ្តីជាន់ខ្ពស់មួយចំនួន ទាំងក្នុងស្ថាប័នស៊ីវិល និងក្នុងជួរកងកម្លាំង ត្រូវបានឃាត់ខ្លួន ឬដកហូតដំណែង ដោយសារមានជាប់សង្ស័យពាក់ព័ន្ធទទួលលាភសក្ការៈពីជនល្មើសអនឡាញស្កែម។ វិធានការក្តៅទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានិងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ ទី២២ឧសភា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ។
សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់។ ទោះជាយ៉ាងណា នៅមានសេសសល់បញ្ហាមួយចំនួនទៀតដែលត្រូវបន្តធ្វើ ដោយគ្មានបន្ធូរដៃឡើយ៕