សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង ស្របតាមគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្សធនធានធម្មជាតិនិងជលផល។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតីក៏បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដើម្បីប្រជានេសាទចូលរួមចំណែកក្នុងការអភិរក្សធនធាន ធម្មជាតិដ៏សំខាន់សម្រាប់ទៅអនាគត ។
សូមរម្លឹកថា អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបិទរដូវនេសាទក្នុងតំបន់គ្រប់គ្រងជលផលទឹកសាបចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ។
ដោយឡែក ការបិទនេសាទត្រូវបានកំណត់ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា សម្រាប់ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ ។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូច ស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីជលផល ។
ក្នុងឆ្នាំ២០២៥ ផលនេសាទនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ២០២៤ ។ នេះបើតាមរបាយការណ៍បូកសរុប និងការវាយតម្លៃពីមន្ត្រីជំនាញ។ កំណើននេះត្រូវបានជំរុញដោយការអនុវត្តរដូវកាលនេសាទត្រីប្រហុក ដែលបានចាប់ផ្តើមនៅចុងខែធ្នូ ព្រមទាំងការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច និងសហគមន៍ក្នុងការទប់ស្កាត់ និងការបង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាព ៕
ដោយ វណ្ណលុក