ក្រពើភ្នំចំនួន១០ក្បាល ក្នុងនោះមានឈ្មោល១ក្បាល និងញី៩ក្បាល ត្រូវបានក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម អង្គការ WWF-កម្ពុជា និងដៃគូពាក់ព័ន្ធ ធ្វើការលែងចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។
មុនពេលលែង ក្រពើទាំងនេះត្រូវបានបំពាក់ឧបករណ៍បន្ទះឈីប ដែលអាចបញ្ជូនសញ្ញារលកសំឡេង ដើម្បីតាមដានចលនា ទីតាំងរស់នៅ និងស្ថានភាពរស់រានមានជីវិតរបស់ពួកវា។ កូនក្រពើភ្នំទាំងនេះ គឺជាក្រពើភ្នំពូជសុទ្ធ ដែលផ្តល់ដោយអង្គការ Fauna & Flora International និងត្រូវបានបង្កាត់ពូជនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ។
លោក ឆេង សំបូរ មន្រ្តីអង្គការ WWF-កម្ពុជា បានឱ្យដឹងថា ឧបករណ៍តាមដាននេះនឹងជួយអ្នកជំនាញសិក្សាពីការផ្លាស់ទី ការធំធាត់ និងជីវិតរស់នៅរបស់ក្រពើភ្នំ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការលែង និងងាយស្រួលក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពួកវានាពេលអនាគត។
ចំណែកឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការលែងក្រពើភ្នំចូលទៅក្នុងធម្មជាតិ គឺដើម្បីបង្កើនចំនួនសត្វដ៏កម្រនេះនៅកម្ពុជា និងចូលរួមការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តមបញ្ជាក់ថា ទន្លេស្រែពកត្រូវបានជ្រើសរើសជាទីតាំងលែង ព្រោះជាជម្រកធម្មជាតិដ៏សមស្របសម្រាប់ការរស់នៅ និងបន្តពូជរបស់សត្វក្រពើភ្នំ។
គួរបញ្ជាក់ថា ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតមួយនៅលើពិភពលោក។ បច្ចុប្បន្ន កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានសត្វក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ ដោយមានចំនួនប្រមាណ៤០០ក្បាល ខណៈចំនួនសរុបនៅទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថានៅសល់ប្រមាណ១ពាន់ក្បាលប៉ុណ្ណោះ។ នៅកម្ពុជា សត្វប្រភេទនេះចូលចិត្តរស់នៅតំបន់ដាច់ស្រយាលក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តកោះកុង ពោធិ៍សាត់ និងភូមិភាគឦសាន ក្នុងខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕
ដោយ៖ម៉ាដេប៉ូ
រូបភាព៖លោក រិន រចនា