ភ្នំពេញ៖ក្នុងគោលបំណងលើកតម្លៃអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា សហការជាមួយ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តការងារកំណាយបុរាណវិទ្យា ចាប់តាំងពីខែកុម្ភៈមក។

ភ្នំពេញ៖ក្នុងគោលបំណងលើកតម្លៃអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា សហការជាមួយ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តការងារកំណាយបុរាណវិទ្យា ចាប់តាំងពីខែកុម្ភៈមក។

យោងតាមប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គម្រោងកំណាយបុរាណវិទ្យានៅអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ
ខាងលើ់ផ្តោតសំខាន់ទៅលើការសិក្សាប្រព័ន្ធរំដោះទឹកបុរាណពីបរិវេណប្រាសាទភិមានអាកាស និងស្រះបុរាណមួយ ដែលមានចុះក្នុងប្រព័ន្ធបញ្ជីបុរាណដ្ឋានរបស់ឯកសារចាស់របស់បារាំងលេខ១១ ដែលមានទីតាំងស្ថិតនៅខាងជើងកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ។

ប្រភពដដែលបន្ថែមថា គោលបំណងចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីកត់ត្រាប្រវត្តិប្លង់ស្ថាបត្យកម្ម និងប្រព័ន្ធវិស្វកម្មធារាសាស្ត្របុរាណវិភាគស្រទាប់ដីបុរាណវិទ្យា ស្វែងយល់ពីស្ថានភាពសំណង់ច្រាំងកាំជណ្តើរស្រះ និងប្រព័ន្ធរំដោះទឹក ព្រមទាំងការចាក់បង្គរនៃល្បាប់ដីថ្មី។ ជាពិសេសប្រមូលទិន្នន័យបុរាណវិទ្យាសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងលើកតម្លៃប្រព័ន្ធគ្រប់គ្រងទឹកនេះឱ្យអាចដំណើរការឡើងវិញដូចសម័យបុរាណ។

ចំពោះលទ្ធផលនៃកំណាយបុរាណវិទ្យាលោក សួម សុភា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា អធិប្បាយថា ការធ្វើកំណាយនៅទីតាំងស្រះលេខ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗដូចខាងក្រោម៖ រូបសណ្ឋាន និងទំហំ៖ ស្រះនេះមានរចនាសម្ព័ន្ធសាងសង់ឡើងអំពីថ្មបាយក្រៀម មានរាងចតុកោណកែង ដែលមានបណ្តោយ ៦៥ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រ ព្រមទាំងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។ចំពោះស្ថានភាពដីល្បាប់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាកំណកដីចាក់បង្គរ (ល្បាប់ដី) ពីផ្ទៃខាងលើរហូតដល់បាតស្រះបុរាណមានជម្រៅប្រមាណ ៣,៥ ម៉ែត្រ ឯណោះ។

ទន្ទឹមនឹងនេះក្រុមការងារក៏សិក្សាកាលប្បវត្តិ និងសិល្បៈស្ថាបត្យកម្ម ដោយផ្អែកលើការវិភាគទៅលើសម្ភារបង្គុំសំណង់ ភស្តុតាងស្រទាប់ដី និងរចនាបថសិល្បៈ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា រចនាសម្ព័ន្ធនៃស្រះលេខ១១ នេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

ភស្តុតាងដ៏លេចធ្លោបំផុត គឺការរកឃើញសិល្បៈចម្លាក់ដ៏ល្អឯក ដែលឆ្លាក់បង្ហាញពីទិដ្ឋភាព និងសកម្មភាពនៃការអុំទូកលំហែកាយ (លក្ខណៈសែនមនោរម្យ)។ ប្រព័ន្ធជីវចម្រុះ និងបរិស្ថានធម្មជាតិបុរាណ រួមមានសកម្មភាពសត្វបក្សាបក្សី សត្វល្មូន និងមច្ឆជាតិជាច្រើនប្រភេទដែលរស់នៅក្នុងប្រព័ន្ធទឹកនោះ។

រីឯទិសដៅការងារបន្ត ដែលក្នុងគោលបំណងថែរក្សា និងគាំពារបេតិកភណ្ឌវប្បធម៌អរូបីនិងរូបីដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផែនការបន្ថែមរួមមាន៖ បន្តការស្រាវជ្រាវនិងធ្វើកំណាយបុរាណវិទ្យាបន្ថែមដើម្បីប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំគម្រោងជួសជុល និងពង្រឹងរចនាសម្ព័ន្ធសំណង់ឡើងវិញ ដើម្បីស្តារមុខងារស្រះដ៏ពិសិដ្ឋនេះឱ្យមានទឹក និងដំណើរការឡើងវិញ ព្រមទាំងលើកសម្រស់ទិដ្ឋភាពរូបវន្តនៃស្រះនេះឱ្យបានច្បាស់លាស់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងវិស័យទេសចរណ៍នាពេលអនាគត៕
ប្រភពនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា

