ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់ កំពុងថ្លឹងថ្លែងបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 ថែមទៀតពីសហរដ្ឋអាមេរិក ខណៈដែលកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នាជាមួយបារាំងហាក់ជាប់គាំង ។

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់ កំពុងថ្លឹងថ្លែងបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 ថែមទៀតពីសហរដ្ឋអាមេរិក ខណៈដែលកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នាជាមួយបារាំងហាក់ជាប់គាំង ។
ប្រភពមួយបានបង្ហើបឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ទំនងជាបានចរចាបញ្ជាទិញយន្តហោះចម្បាំង F-35 ច្រើនជាង ៣៥គ្រឿងបន្ថែមទៀត ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានបដិសេដធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងរឿងបញ្ជាទិញយន្តហោះចម្បាំង F-35 ថែមទៀត ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់, បច្ចុប្បន្ន អាល្លឺម៉ង់មិនមានគម្រោងទិញយន្តហោះចម្បាំង F-35 ថែមទៀតទេ បន្ទាប់ពីប្រភពបាននិយាយថា ទីក្រុងប៊ែរឡាំងកំពុងពិចារណាបញ្ជាទិញយន្តហោះបន្ថែមទៀត ដែលផលិតដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២២ ប្រទេសអាល្លឺម៉ង់បានទិញយន្តហោះចម្បាំង F-35 ចំនួន ៣៥គ្រឿង ដែលគ្រោងនឹងចាប់ផ្តើមដឹកជញ្ជូននៅចុងឆ្នាំ ២០២៦នេះ ។
F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយល្អដាច់គេនៅលើពិភពលោក ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ។ F-35 មានសមត្ថភាពហោះហើរក្នុងល្បឿនជាអតិបរមា ២,០០០គីឡូម៉ែតក្នុងមួយម៉ោង និងអាចរត់បានចំងាយជាមធ្យមចាប់ពី ១,៦៦៦ ទៅ ២,២០០គីឡូម៉ែត្រឯណោះ ។
យន្ដហោះចម្បាំងបំបាំងកាយនេះដែរ ក៏មានបំពាក់នូវកាមេរ៉ា៣៦០ដឺក្រេ ដែលផ្តិតយករូបភាពយ៉ាងទាំងពេលយប់ និងពេលថ្ងៃ ព្រមទាំងបំពាក់ទៅដោយអាវុធទំនើបៗ រួមទាំង មីស៊ីល គ្រាប់បែក ប្រព័ន្ធស៊ើបការណ៍សំងាត់ និងប្រព័ន្ធអេឡិចត្រូម៉ាញេទិចជាដើម ៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា
