ព្រុចសែល ៖ ក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ទៅក្នុងបញ្ជីក្រុមភេរវកររបស់សហភាពអឺរ៉ុបជាផ្លូវការ ។

ព្រុចសែល ៖ ក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ទៅក្នុងបញ្ជីក្រុមភេរវកររបស់សហភាពអឺរ៉ុបជាផ្លូវការ ។
តាមរយៈការចុះបញ្ជីនេះ សហភាពអឺរ៉ុបនឹងចាត់វិធានការរឹតត្បិតនានា ស្ថិតក្រោមរបបទណ្ឌកម្មប្រឆាំងភេរវកម្មរបស់សហភាពអឺរ៉ុប រួមមានការបង្កកមូលនិធិ និងទ្រព្យសម្បត្តិហិរញ្ញវត្ថុ ឬធនធានសេដ្ឋកិច្ចផ្សេងទៀត ដែលមាននៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប ។
បើតាមក្រុមប្រឹក្សាអឺរ៉ុប, ការចុះបញ្ជីនេះដែរ ក៏នឹងហាមឃាត់ប្រតិបត្តិករសហភាពអឺរ៉ុប ពីការផ្តល់មូលនិធិ ឬធនធានសេដ្ឋកិច្ចដល់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ ។
ជាមួយគ្នានេះ បុគ្គលសរុបចំនួន ១៣នាក់ ព្រមទាំងក្រុម និងអង្គភាពចំនួន ២៣ ឥឡូវនេះកំពុងស្ថិតនៅក្រោមវិធានការរឹតត្បិត ក្រោមបញ្ជីភេរវកររបស់សហភាពអឺរ៉ុប នេះបើយោងតាមក្រុមប្រឹក្សា ។
ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប កើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានព្រមានម្តងហើយម្តងទៀតអំពីសកម្មភាពយោធាដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

