មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាសងសឹកយ៉ាងចាស់ដៃលើអ៊ុយក្រែនវិញ ឆ្លើយតបការវាយប្រហារលើអន្តេវាកសិដ្ឋាន ដែលជាកន្លែងស្នាក់នៅរបស់សិស្ស ឬនិសិត្សអំឡុងពេលសិក្សា ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk ។

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាសងសឹកយ៉ាងចាស់ដៃលើអ៊ុយក្រែនវិញ ឆ្លើយតបការវាយប្រហារលើអន្តេវាកសិដ្ឋាន ដែលជាកន្លែងស្នាក់នៅរបស់សិស្ស ឬនិសិត្សអំឡុងពេលសិក្សា ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk ។
ភាគីរុស្ស៊ីបានចោទប្រកាន់ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កាលពីយប់ថ្ងៃ សុក្រ បានកម្ទេចអគារអន្តេវាកសិដ្ឋានមួយកន្លែង បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ៣៩នាក់រងរបួស ខណៈ ១៥នាក់ទៀតបន្តបាត់ខ្លួននៅឡើយទេ ។
បើតាម Aljazeera, ក្រោយរងការវាយប្រហារជាបន្តបន្ទាប់ អគារអន្តេវាកសិដ្ឋានមានកម្ពស់ ៥ ជាន់នេះ បានបាក់ស្រុតរហូតដល់ជាន់ទី ២ ស្របពេលដែលក្មេងជំទង់ និងសិស្សានុសិស្សមានអាយុចន្លោះពី ១៤ ដល់ ១៨ឆ្នាំ ប្រមាណ ៨៦ នាក់កំពុងស្នាក់នៅទីនោះ ។
ជាការឆ្លើយតប លោកប្រធានាធិបតី ពូទីន បានហៅការវាយប្រហារនេះថា ជា “អំពើភេរវកម្ម” និងបានបញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ី រៀបចំផែនការ និងជម្រើសនានាជាបន្ទាន់ ដើម្បីវាយសងសឹកវិញ ។
បន្ថែមលើនេះ វិមានក្រឹមឡាំងថែមទាំងបានថ្កោលទោសការវាយប្រហារនេះថា ជា “ឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ” និងបានស្នើសុំបើកកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
យ៉ាងណា កងទ័ពអ៊ុយក្រែនបានប្រកាសច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានកំណត់គោលដៅលើស៊ីវិល ឬកុមារ ។ ភាគីអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារចំទីបញ្ជាការដ្ឋានដ្រូនរបស់រុស្ស៊ី ដែលស្ថិតនៅក្នុងតំបន់នោះ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់មនុស្សធម៌អន្តរជាតិ ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

