វ៉ាសូវី ៖ យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៣ គ្រឿងដំបូងរបស់សហរដ្ឋអាមេរិក បានហោះហើរមកដល់ និងចុះចតជាផ្លូវការនៅមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រទី ៣២ ក្នុងទីក្រុង Lask ភាគកណ្តាលប្រទេសប៉ូឡូញ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ ។

វ៉ាសូវី ៖ យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៣ គ្រឿងដំបូងរបស់សហរដ្ឋអាមេរិក បានហោះហើរមកដល់ និងចុះចតជាផ្លូវការនៅមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រទី ៣២ ក្នុងទីក្រុង Lask ភាគកណ្តាលប្រទេសប៉ូឡូញ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ ។
ការមកដល់នៃយន្តហោះចម្បាំងជំនាន់ទី ៥ នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមានតម្លៃ ៤,៦ ពាន់លានដុល្លារ ដែលប៉ូឡូញបានចុះហត្ថលេខាទិញយន្តហោះ F-35A ចំនួន ៣២ គ្រឿងពីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០ ។
យន្តហោះ F-35 របស់ប៉ូឡូញ ត្រូវបានដាក់ឈ្មោះជាផ្លូវការថា “Husarze” ឬ Hussars ដើម្បីជាការផ្តល់កិត្តិយសដល់កងទ័ពសេះដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។
បើតាម Anadolu, នេះជាការដាក់ពង្រាយយន្តហោះចម្បាំងជំនាន់ទី ៥ លើកដំបូងបំផុតនៅលើតំបន់ការពារប៉ែកខាងកើតរបស់អង្គការ NATO ។
យន្តហោះទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងសម័យសូវៀតចាស់ៗ ដូចជា MiG-29 និង Su-22 របស់ប្រទេសប៉ូឡូញ ។
ប៉ូឡូញបានទទួលយន្តហោះចំនួន ៨ គ្រឿងជាផ្លូវការរួចហើយ ប៉ុន្តែកន្លងមកពួកវាត្រូវបានរក្សាទុកនៅសហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Ebbing ក្នុងរដ្ឋ Arkansas ដើម្បីប្រើប្រាស់ក្នុងការហ្វឹកហ្វឺនអ្នកបើកបរ និងបច្ចេកទេស ។
យោងតាមក្រសួងការពារជាតិប៉ូឡូញ, ការប្រគល់យន្តហោះដែលនៅសល់ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយរំពឹងថានឹងទទួលបានសរុបចំនួន ១៤ គ្រឿងទៀតនៅត្រឹមដំណាច់ឆ្នាំនេះ ហើយការចែកចាយទាំង ៣២ គ្រឿង នឹងត្រូវបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០២៩ ។
បើតាមអនុនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz, តម្លៃសរុបនៃការបញ្ជាទិញអាវុធរបស់ប៉ូឡូញពីសហរដ្ឋអាមេរិក បច្ចុប្បន្នមានចំនួនប្រហែល ៦៣ ពាន់លានដុល្លារ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

