វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រកាសថា ភាគីអាមេរិក និងអ៊ីរ៉ង់ បានឯកភាពគ្នា “យ៉ាងទូលំទូលាយ” លើកិច្ចព្រមព្រៀងសន្តិភាពមួយ ហើយវានឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រកាសថា ភាគីអាមេរិក និងអ៊ីរ៉ង់ បានឯកភាពគ្នា “យ៉ាងទូលំទូលាយ” លើកិច្ចព្រមព្រៀងសន្តិភាពមួយ ហើយវានឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ។
ការឯកភាពគ្នានោះ ក៏រួមបញ្ចូលទាំងការបើកច្រកសមុទ្រ Hormuz ផងដែរ ប៉ុន្តែលោកប្រធានាធិបតី Trump មិនបានបញ្ជាក់លំអិតបន្ថែមទៀតនោះទេ ។
ការលើកឡើងនេះ ធ្វើឡើងតាមរយៈ Truth Social បន្ទាប់ពីលោក Trump បានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំនៃបណ្តាប្រទេសមូស្លីម និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។
បើតាម BBC, លោក Trump បានបញ្ជាក់ថា លក្ខខណ្ឌចម្បងមួយនៃកិច្ចព្រមព្រៀងចុះអនុស្សរណៈយោគយល់គ្នា គឺការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ។
លក្ខខណ្ឌនេះ រៀបចំឡើងដើម្បីបញ្ចប់ជម្លោះយោធា និងការបិទខ្ទប់កំពង់ផែ ដែលបានអូសបន្លាយចាប់តាំងពីការផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ។ យ៉ាងណា លោក Trump បន្ថែមថា ព័ត៌មានលម្អិតចុងក្រោយ នឹងត្រូវប្រកាសឆាប់ៗនេះ ។
យោងតាម Aljazeera, ប្រភពពីអ្នកសម្របសម្រួលបានបង្ហើបឱ្យដឹងថា ផែនការសន្តិភាពនេះ អាចនឹងត្រូវបែងចែកជា ៣ ដំណាក់កាល រួមមាន ៖ ការប្រកាសបញ្ចប់សង្គ្រាមជាផ្លូវការ ការដោះស្រាយវិបត្តិនៅច្រកសមុទ្រ Hormuz និងការទុកពេល ៣០ ទៅ ៦០ ថ្ងៃសម្រាប់ចរចាលើបញ្ហាធំៗផ្សេងទៀត ។
បច្ចុប្បន្ន អ៊ីរ៉ង់កំពុងជំរុញឱ្យអាមេរិកដកការបិទខ្ទប់កំពង់ផែ លើកលែងទណ្ឌកម្ម និងដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅក្រៅប្រទេស ខណៈដែលសហរដ្ឋអាមេរិកដាច់ខាតទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ៕
ប្រភព ៖ BBC និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

