វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនមានរងរបួសឡើយ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនៅក្បែរសេតវិមាន កាលពីថ្ងៃល្ងាចថ្ងៃ សៅរ៍ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនមានរងរបួសឡើយ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនៅក្បែរសេតវិមាន កាលពីថ្ងៃល្ងាចថ្ងៃ សៅរ៍ ។
យោងតាមសេចក្តីរាយការណ៍, ជនសង្ស័យម្នាក់បានដើរសំដៅទៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្បែរសេតវិមាន រួចបានបើកការបាញ់ប្រហារលើមន្ត្រីសន្តិសុខ ។ ភ្លាមៗនោះ មន្ត្រីសេវាសម្ងាត់បានបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ។
នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ក៏មានអ្នកដំណើរឆ្លងកាត់ម្នាក់បានរងរបួសដោយសារគ្រាប់កាំភ្លើងផងដែរ ។ ភ្លាមៗ កងកម្លាំងប៉ូលិស សេវាសម្ងាត់ និងកងឆ្មាំជាតិអាមេរិក បានឡោមព័ទ្ធ និងបិទផ្លូវជុំវិញសេតវិមាន ។
បើតាម AFP, លោកប្រធានាធិបតី ត្រាំ បានស្ថិតនៅក្នុងសេតវិមាន អំឡុងពេលកើតហេតុ ប៉ុន្តែលោកមិនមានរងគ្រោះថ្នាក់អ្វីឡើយ ។
ចំណែកក្រុមអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារនៅវាលស្មៅខាងជើងសេតវិមាន ត្រូវបានបញ្ជាឱ្យរត់ចូលទៅជ្រកកោននៅក្នុងបន្ទប់សន្និសីទកាសែត ដើម្បីសុវត្ថិភាព ។
ជាមួយគ្នានេះ នាយកទីភ្នាក់ងារ FBI លោក Kash Patel បានបញ្ជាក់ថា ភ្នាក់ងាររបស់លោកកំពុងចូលរួមសហការជាមួយខាងសេវាសម្ងាត់ ដើម្បីស៊ើបអង្កេតលើករណីបាញ់ប្រហារនេះយ៉ាងយកចិត្តទុកដាក់ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានវ័យ ៧៩ឆ្នាំ បានរងការប៉ុនប៉ងធ្វើឃាតចំនួនបីលើករួចហើយ ដោយការប៉ុនប៉ងធ្វើឃាតចុងក្រោយបំផុតកើតឡើងនៅថ្ងៃទី២៥ ខែមេសា នៅពេលដែលបុរសប្រដាប់អាវុធម្នាក់បានវាយលុកប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្នុងសណ្ឋាគារមួយ ជាកន្លែងដែលលោក ត្រាំ កំពុងចូលរួមពិធីជប់លៀងជាមួយសារព័ត៌មាន ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

