កៀវ ៖ រដ្ឋធានីកៀវ ដែលជាបេះដូងរបស់ប្រទេសអ៊ុយក្រែន បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយមីស៊ីលបាលិស្ទីកលឿនជាងសំលេងទ្រង់ទ្រាយធំរបស់កងទ័ពរុស្ស៊ី ។

កៀវ ៖ រដ្ឋធានីកៀវ ដែលជាបេះដូងរបស់ប្រទេសអ៊ុយក្រែន បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយមីស៊ីលបាលិស្ទីកលឿនជាងសំលេងទ្រង់ទ្រាយធំរបស់កងទ័ពរុស្ស៊ី ។
បណ្តាញតាមដានព័ត៌មានមួយចំនួន បានរាយការណ៍ថា រុស្ស៊ីបានបាញ់មីស៊ីលយ៉ាងហោចណាស់ចំនួន ១៦ គ្រាប់ សំដៅមករដ្ឋធានីកៀវរបស់អ៊ុយក្រែន ។ ការវាយប្រហារនេះ កើតឡើងក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាសងសឹកយ៉ាងចាស់ដៃលើអ៊ុយក្រែន ។
ហើយការសន្យានេះ ធ្វើឡើងដើម្បីសងសឹកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើអគារស្នាក់នៅរបស់សិស្ស-និស្សិតមួយកន្លែង ក្នុងតំបន់ Lunhansk ដែលគ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃ សៅរ៍ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ រងរបួស និងបាត់ខ្លួនជាច្រើននាក់ ។
បើតាម AFP, មីស៊ីល និងបំណែកមីស៊ីលបានធ្លាក់ចំទីតាំងយ៉ាងតិចចំនួន ៤ កន្លែង ក្នុងនោះរួមមាន Shevchenkivsky, Dniprovsky និង Podilsky ។ របាយការណ៍បឋមពីអភិបាលក្រុងកៀវ លោក Vitali Klitschko បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៥ នាក់រងរបួស ហើយម្នាក់ក្នុងចំណោមនោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
មុនពេលការវាយប្រហារកើតឡើង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសអាសន្នថា រុស្ស៊ីប្រហែលជាអាចប្រើប្រាស់មីស៊ីលបាលីស្ទិកមានល្បឿនលឿនជាងសំលេងប្រភេទ Oreshnik នៅក្នុងការវាយប្រហារនេះ ។
បច្ចុប្បន្ន ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងទីក្រុងកៀវ បាននាំគ្នាសម្រុកទៅជ្រកកោននៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីរក្សាសុវត្ថិភាព ខណៈដែលអាជ្ញាធរយោធា កំពុងបន្តអំពាវនាវឱ្យប្រជាជនបន្តជ្រកកោនក្នុងជម្រកសុវត្ថិភាពជាបណ្តោះអាសន្ន ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
