ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី មានគម្រោងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ J-35 នៅលើនាវាផ្ទុកយន្តហោះទាំង ៣ របស់ខ្លួន ក្នុងពេលឆាប់ៗនេះ ។ បច្ចុប្បន្ន មានតែនាវាផ្ទុកយន្តហោះទំនើបបំផុតរបស់កងទ័ពជើងទឹករំដោះប្រជាជនចិន គឺនាវា Fujian ប៉ុណ្ណោះ ដែលអាចធ្វើដូច្នេះបាន ។
បើតាម Interesting engineering, យន្តហោះ J-35 ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់ដំណើរការលើនាវាផ្ទុកយន្តហោះ Fujian ដែលជានាវាទំនើបបំផុតរបស់ចិន មានបំពាក់ប្រព័ន្ធកាតាប៉ូលរុញច្រានដោយអេឡិចត្រូម៉ាញ៉េទិច ។
នាវា Fujian ជានាវាផ្ទុកយន្តហោះដំបូងគេរបស់ចិន ដែលអាចប្រើប្រាស់ប្រព័ន្ធកាតាប៉ូលរុញ ដើម្បីបាញ់បង្ហោះយន្តហោះចម្បាំងធុនធ្ងន់ និងយន្តហោះ J-35 ឱ្យហោះឡើងបានយ៉ាងលឿន ។
រីឯនាវាផ្ទុកយន្តហោះ Liaoning និង Shandong វិញ ជានាវាជំនាន់មុនដែលប្រើប្រាស់ប្រព័ន្ធផ្លូវរត់កោងឡើងលើ ។ តាមរយៈរូបភាពរណបនាពេលថ្មីៗនេះ នាវាទាំងពីរនេះ កំពុងទទួលការកែច្នៃ និងកែលម្អរចនាសម្ព័ន្ធផ្លូវរត់ ដើម្បីអាចឱ្យយន្តហោះបំបាំងកាយ J-35 ហោះឡើង និងចុះចតបានដោយជោគជ័យ ។
អ្នកវិភាគយោធាចិននិយាយថា យន្តហោះចម្បាំងដែលរចនាឡើងសម្រាប់ប្រព័ន្ធកាតាប៉ូល ក៏មានសមត្ថភាពពេញលេញ ក្នុងការហោះឡើងពីផ្លូវរត់កោងឡើងលើផងដែរ ដោយគ្មានឧបសគ្គបច្ចេកទេសធំដុំឡើយ ។
បើតាម South China Morning Post, យុទ្ធសាស្រ្តដាក់ពង្រាយយន្តហោះ J-35 លើគ្រប់នាវាផ្ទុកយន្តហោះទាំងអស់ នឹងជួយបង្កើនសមត្ថភាពប្រយុទ្ធ ក៏ដូចជាពង្រីកឥទ្ធិពលជើងទឹករបស់កងទ័ពរំដោះប្រជាជនចិនកាន់តែខ្លាំងក្លា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយដើរតួជាគូប្រជែងដ៏សំខាន់របស់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក ៕
ប្រភព ៖ Interesting engineering និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា