កំពង់ធំ៖មិនយូរប៉ុន្មានវិទ្យាល័យថ្មីសន្លាងមួយនឹងលេចចេញជារូបរាង លើទឹកដីស្រុកសន្ទុក ខេត្តកំពង់ធំ ។វិទ្យាល័យ ជា ចាន់តូ មានបេសកកម្ម ចម្បងដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបានការអប់រំបែបស្តង់ដារអន្តរជាតិ បើទោះបីមកពីគ្រួសារក្រីក្រ ឬស្ថិតនៅក្នុងតំបន់ដាច់ស្រយាល យ៉ាងណាក្តី ។
វិទ្យាល័យ ជា ចាន់តូ នឹងសាងសង់លើផ្ទៃដីជាង ១០ហិកតា ស្ថិតក្នុងស្រុក សន្ទុក ខេត្តកំពង់ធំ ។ជាវិទ្យាល័យថ្មី បន្ថែមលើវិទ្យាល័យដែលមានស្រាប់ នៅក្នុងស្រុកនេះ។ជាវិទ្យាល័យដែលចំណតយានយន្ត អគាររដ្ឋបាល អាហារដ្ឋាន បណ្ណាល័យ អគារ ពិសោធន៍ អគារថ្នាក់រៀន តារាងលេងកីឡា អគារស្នាក់នៅរបស់សិស្ស និងអគារស្នាក់នៅរបស់គ្រូ។
វិទ្យាល័យនេះ នឹងផ្ដល់ជូននូវកម្មវិធីសិក្សាសម្បូរបែបដល់សិស្ស ដើម្បី អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងគុណតម្លៃ ជាពិសេស ត្រូវបានទទួល ស្គាល់ដោយអន្តរជាតិ ខណៈវិទ្យាល័យមួយនេះក៏នឹងផ្ដល់នូវការអប់រំ តាមបែបព្រះពុទ្ធសាសនា ផងដែរ ។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ វិទ្យាល័យ ជា ចាន់តូ កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវ ខៀវ ស៊ីណា ស្ថាបនិក វិទ្យាល័យ ជា ចាន់តូ បានរំលឹកពីឯកឧត្តម ជា ចាន់តូ បានចំណាយពេល ពេញមួយជីវិតរបស់លោក ធ្វើការផ្តល់សារៈសំខាន់ដល់ការអប់រំ និងការ គោរពប្រតិបត្តិព្រះពុទ្ធសាសនាក្រៅពីបំពេញតួនាទីជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ធំ
។ ដោយបានយល់ច្បាស់អំពីឧត្តមប្រយោជន៍ កើតចេញពីការអប់រំ និង ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ តែងតែផ្តួចផ្ដើមឱ្យមានការកសាងឡើងនូវសមិទ្ធផលនានា ដូចជា អាគារ សាលារៀន និងវត្តអារាមជាដើម ដោយ សង្ឃឹមថា កូនចៅជំនាន់ក្រោយ ជាពិសេស កូនចៅមកពីគ្រួសារក្រីក្រ និងនៅតំបន់ជនបទដាច់ស្រយាល ទទួលបានការអប់រំ ប្រកបដោយស្ដង់ដាខ្ពស់តាមបែបអន្តរជាតិ ជាមួយ នឹងការតាំងចិត្ត ការព្យាយាម និងការតស៊ូខ្ពស់ ។
លោកជំទាវ ជា សេរី បានគូសរំលេចថា វិទ្យាល័យ ជា ចាន់តូ ជាកន្លែង ដែលសិស្សានុសិស្ស នឹងទទួលបានឱកាសរៀនដឹកនាំ ធ្វើការផ្លាស់ប្តូរគំនិត និងការបំផុសគំនិត ព្រមទាំងជាកន្លែងបង្កើតធនធានមនុស្សដែល ពោរ ពេញដោយសមត្ថភាព តាមរយៈសហគមន៍នៃអ្នកសិក្សាដ៏រស់រវើក និង លោកគ្រូ អ្នកគ្រូ ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់។ លើស ពីការអប់រំដែលមានគុណភាព និងស្ដង់ដាខ្ពស់ វិទ្យាល័យជា ចាន់តូ នឹងផ្ដល់ផងដែរនូវការអប់រំ តាមបែបព្រះពុទ្ធសាសនា ដែលនឹងនាំឱ្យ សិស្សានុសិស្ស ក្លាយជាបញ្ញវន្តប្រកបដោយប្រាជ្ញា ការច្នៃប្រឌិត សីលធម៌ គុណធម៌ និងសុជីវធម៌ល្អ សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ខ្លួន និងប្រទេស ជាតិ ។
លោកជំទាវសង្ឃឹមថា សិស្សានុសិស្សនៅក្នុងស្រុកសន្ទុក និងខេត្តកំពង់ធំ នឹងខិតខំរៀនសូត្រជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ បើទោះជាមានជីវភាព ខ្វះខាតយ៉ាងណាក្តី ត្រូវខិតខំសិក្សា ដើម្បីទទួលបានអាហារូបករណ៍ របស់វិទ្យាល័យ ជា ចាន់តូ ដូចជា ការស្នាក់នៅ អាហារហូបចុកក្នុងសាលា ពុំមានចេញទៅណាទេ ដោយសិក្សាតាមបែបអន្តរជាតិ និងឈានទៅ សម្រេច គោលបំណងរបស់ខ្លួន ក្លាយជាគ្រូពេទ្យ វិស្វករ ធនាគារិក គណនេយ្យករ សេដ្ឋវិទូ មេធាវី គ្រូបង្រៀន មន្ត្រីរាជការ និងជាថ្នាក់ដឹកនាំ ប្រកបដោយមោទនភាពនាពេលអនាគត ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត