បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីបន្តប្រាប់ពិភពលោកពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ

សម្តេចធិបតីបន្តប្រាប់ពិភពលោកពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ

“កងកម្លាំងថៃបានឈ្លានពានចូល និងកាន់កាប់ទឹកដីក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីខ្សែបន្ទាត់នៃជម្លោះ និងផែនទីឯកតោភាគីរបស់ខ្លួនទៅទៀត ដោយការបិទផ្លូវចូលភូមិតាមរយៈការរាយលួសបន្លា និងទូកុងតឺន័រ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះ និងភូមិឋានរបស់ពួកគាត់វិញបាន”។

Advertisement

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

សម្តេចធិបតី បានបន្ថែមផងដែរថា៖ «យើងជំរុញឱ្យប្រទេសថៃអនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយក៏ចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការរួមដែលយើងទាំងពីរយល់ព្រមជាមួយគ្នា»។

សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និងលើកទី២ រយៈពេល២០ថ្ងៃ (៧-២៧ ធ្នូ ២០២៥)។

ជាមួយគ្នានេះ ថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។

កងកម្លាំងឈ្លានពានថៃក៏បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕

ដោយ វណ្ណលុក ជាមួយ AKP

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា