ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ “ ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងទំនួលខុសត្រូវ” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថល គណ:គ្រប់គ្រងសាលា គ្រូបង្រៀន សិស្ស និស្សិត ស.ស.យ.ក កាយរឹទ្ធិ និងកាកបាទក្រហម សរុបប្រមាណ ២,៥០០ នាក់។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ ក៏បានទទួលលិខិតសរសើរពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមសហការក្នុងយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតផងដែរ។
យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវជាងមុន ដោយផ្តោតលើកុមារ និងយុវជនវ័យក្មេង ដូចខាងក្រោម៖
- ចូលរួមអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់កុមារ យុវជន គ្រូបង្រៀន មន្តី្រអប់រំ អាជ្ញាធរ និងអ្នកពាក់ព័ន្ធដទៃទៀតអំពីសារៈសំខាន់នៃសុវត្ថិភាពតាមអនឡាញ និងការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ។
- ផ្តល់វេទិកាសម្រាប់ការចែករំលែក ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជុំវិញបញ្ហាប្រឈមចំពោះសុវត្ថិភាពតាមអនឡាញនាពេលបច្ចុប្បន្ន ជាពិសេសផ្តោតលើការប្រើប្រាស់ AI ព័ត៌មានមិនពិត កត្តាគំរាមកំហែងលើអ៊ីនធឺណិត ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ បញ្ហាឯកជនភាព ការឆបោកតាមអនឡាញ និងការគ្រប់គ្រងអត្តសញ្ញាណឌីជីថល។
- ជំរុញកិច្ចសហការនិងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមអ្នកចូលរួម និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុន។
- ផ្តល់អំណាចដល់កុមារ យុវជន និងសហគមន៍ជាមួយនឹងចំណេះដឹង ឧបករណ៍ និងធនធានចាំបាច់ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ៕
ដោយ៖ង៉ាន់ ទិត្យ