ប៉េកាំង ៖ ហេតុការណ៍ផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង នៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០ នាក់ ដែលនេះជាគ្រោះមហន្តរាយរ៉ែដ៏ធំបំផុតក្នុងរយៈពេល ១៧ ឆ្នាំ ។

ប៉េកាំង ៖ ហេតុការណ៍ផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង នៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០ នាក់ ដែលនេះជាគ្រោះមហន្តរាយរ៉ែដ៏ធំបំផុតក្នុងរយៈពេល ១៧ ឆ្នាំ ។
បើតាមស៊ីនហួរ, កម្មករសរុបចំនួន ២៤៧ នាក់កំពុងស្ថិតនៅក្រោមដី នៅពេលមានហេតុការណ៍ផ្ទុះដ៏កក្រើកមួយ ដែលបានកើតឡើងនៅម៉ោង ៧និង២៩នាទី យប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ក្នុងអណ្តូងរ៉ែធ្យូងថ្ម Liushenyu នៃខេត្ត Shanxi ។
កម្មករទាំងនោះបម្រើការងារឲ្យក្រុមហ៊ុន Shanxi Tongzhou Group ។ អាជ្ញាធរចិន និង ក្រុមសង្គ្រោះ កំពុងបញ្ជូនកម្លាំងជាច្រើននាក់ទៅកាន់ទីតាំងកើតហេតុ ដើម្បីស្វែងរកអ្នកបាត់ខ្លួន និង គ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ ។
មកដល់ពេលនេះ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ មិនទាន់ត្រូវបានអាជ្ញាធរចិន ប្រកាសជាផ្លូវការនៅឡើយទេ ។
ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីព្យាបាលអ្នករងរបួស និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើហេតុការណ៍នេះ ។
បើតាម AFP, Shanxi ដែលជាខេត្តក្រីក្របំផុតមួយរបស់ប្រទេសចិន គឺជាចំណុចកណ្តាលនៃការជីកយករ៉ែធ្យូងថ្ម ។
សុវត្ថិភាពក្នុងអណ្តូងរ៉ែនៅប្រទេសចិនបានប្រសើរឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែគ្រោះថ្នាក់នៅតែកើតឡើង នៅក្នុងឧស្សាហកម្មមួយ ដែលប្រព័ន្ធសុវត្ថិភាពជារឿយៗមានភាពធូររលុង និងបទប្បញ្ញត្តិមិនច្បាស់លាស់ ។
ជាក់ស្តែង នៅឆ្នាំ ២០២៣ ការដួលរលំក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅតំបន់ម៉ុងហ្គោលី ភាគខាងជើងបានសម្លាប់មនុស្ស ៥៣ នាក់ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

