ភ្នំពេញ ៖ ក្នុងសារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ឧសភា ២០២៦ សម្ដេចបានលើកឡើងថា ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវដើរទន្ទឹមនឹងការបង្ក្រាប និងបោសសម្អាតមន្ត្រីដែលជាប់ពាក់ព័ន្ធនិងដកចោលនូវមន្ត្រីណាដែលមិនព្រមអនុវត្តន៍ ។
សម្ដេចមានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញ បើសិនជាមានភស្តុតាងគ្រប់គ្រាន់ថាមានមន្ត្រីជាប់ពាក់ព័ន្ធ ត្រូវដកស័ក្តិ ហើយបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ។ ក្រៅពីការដកស័ក្តិនិងបញ្ជូនទៅតុលាការ សមត្ថកិច្ចក៏ត្រូវស៊ើបអង្កេតចំពោះទ្រព្យដែលមាន ហើយបើសិនជារកឃើញថាទ្រព្យសម្បត្តិនោះ ទទួលបានពីការបទល្មើសឆបោកអនឡាញ ក៏ត្រូវរឹបអូសទ្រព្យសម្បត្តិនោះមកប្រើជាប្រយោជន៍ ដូចជាយកសម្រាប់ទុកជួយកងទ័ពជាដើម ។
សម្ដេចបញ្ជាក់ថា ចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលីស បើសិនជារកឃើញថាមានបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន តែមិនព្រមបង្ក្រាប ត្រូវដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលីសនោះ ៕