ក្នុងបរិយាកាសដ៏ឱឡារឹក និងពោរពេញដោយអត្ថន័យលើទឹកដីអង្គរ ព្រឹត្តិការណ៍សម្ពោធសៀវភៅកម្រងប្រវត្តិសាស្ត្រដ៏មានតម្លៃមួយដែលមានចំណងជើងថា “A Tale of Two Hotels” និពន្ធដោយលោក Andreas Augustin ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Raffles Grand Hotel d’Angkor ខេត្តសៀមរាប។
Advertisement
សៀវភៅ “A Tale of Two Hotels” មិនមែនគ្រាន់តែជាសៀវភៅធម្មតានោះទេ ប៉ុន្តែគឺជាមរតកដ៏មានតម្លៃដែលបានចងក្រងនូវដំណើររឿងរ៉ាវដ៏វែងឆ្ងាយ និងគួរឱ្យជក់ចិត្តនៃសណ្ឋាគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតប្រចាំតំបន់។ នៅក្នុងសៀវភៅនេះ អ្នកនិពន្ធលោក Andreas Augustin ដែលជាម្ចាស់ស្នាដៃសៀវភៅល្បីៗជាច្រើនក្បាល បានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ជាមួយនឹងក្រុមការងារស្រាវជ្រាវទាំងអស់ ដើម្បីបង្ហាញពីការវិវត្តនៃស្ថាបត្យកម្ម ជីវភាពរស់នៅ និងព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅក្នុងសណ្ឋាគារ។ ចំណុចដែលទាក់ទាញបំផុតនោះគឺ វត្តមាននៃ រូបភាពកម្រៗជាច្រើនសន្លឹក ដែលមិនធ្លាប់បានផ្សព្វផ្សាយជាសាធារណៈពីមុនមក ដែលអនុញ្ញាតឱ្យអ្នកអានមានអារម្មណ៍ដូចជាបានធ្វើដំណើរត្រឡប់ទៅកាន់យុគសម័យមាសនៃវិស័យបដិសណ្ឋារកិច្ចកាលពីជាងរយឆ្នាំមុន។
បន្ថែមលើពីនេះភ្ញៀវកិត្តិយសទាំងអស់ ថែមទាំងបានទស្សនាផ្ទាល់ភ្នែកនូវការតាំងពិព័រណ៍កម្រងរូបភាពប្រវត្តិសាស្ត្រជាច្រើនរូប អំពីរឿងរ៉ាវជាច្រើនអំពីសណ្ឋាគារ Raffles នៅក្នុងសាលពិព័រណ៍ The Grand Path of the Story។ នៅក្នុងនោះភ្ញៀវជាតិ និងអន្តរជាតិ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះរូបភាពកម្រៗបំផុតជាច្រើនដែលមិនធ្លាប់ឃើញ ពិសេសបានស្ដាប់នូវដំណើររឿងអំពីរូបភាពនីមួយៗយ៉ាងជក់ចិត្តចិត្តដិតអារម្មណ៍។
អ្វីដែលកាន់តែពិសេសនោះ ការជ្រើសរើសយកសណ្ឋាគារ Raffles Grand Hotel d’Angkor ជាទីតាំងសម្ពោធ គឺជារឿងដ៏ស័ក្តិសមបំផុត ព្រោះសណ្ឋាគារនេះផ្ទាល់គឺជាតួអង្គសំខាន់មួយនៅក្នុងសៀវភៅ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់តម្លៃនៃការអាន និងការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់វិស័យទេសចរណ៍វប្បធម៌ក្នុងខេត្តសៀមរាប តាមរយៈការបង្ហាញពីភាពរីកចម្រើន និងមរតកដ៏សម្បូរបែបដែលកម្ពុជាមាន។