ឆ្នាំ ២០២៦ ជាការវិលមកដល់ឆ្នាំមមី ឆ្នាំសេះជាថ្មីម្ដងទៀត។ នៅក្នុងហោរាសាស្ត្រចិន សេះ ជាសត្វដែលមានស្មារតីស្រឡាញ់សេរីភាព មានឯករាជ្យភាពខ្ពស់ និងក្លាហានក្នុងការធ្វើអ្វីថ្មីៗ។

ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៦ ឈានចូលឆ្នាំមមី ធាតុភ្លើង ទស្សនាវដ្ដី HAPERS BAZAAR បានចុះផ្សាយការទស្សន៍ទាយជោគវាសនា ការងារ លុយកាក់ ស្នេហា និងសុខភាពរបស់ឆ្នាំទាំង ១២ ដូចបានរៀបរាប់នៅខាងក្រោមនេះ៖
ឆ្នាំមមី (សេះ)

ឆ្នាំកំណើត៖ ១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤
ដ្បិតជាន់ឆ្នាំ តែឆ្នាំ ២០២៦ នឹងនាំមកនូវថាមពលល្អសម្រាប់អ្នកកើតឆ្នាំមមី។ វាជាឆ្នាំនៃការផ្លាស់ប្តូរ ប៉ុន្តែអ្នកត្រូវមានស្មារតីខ្ពស់ និងចេះអត់ធ្មត់។
អាជីព និងលុយកាក់៖ អាចមានឱកាសការងារថ្មីៗ ប៉ុន្តែកុំសម្រេចចិត្តដោយអារម្មណ៍ឆេវឆាវ។ នៅពាក់កណ្តាលឆ្នាំអាចមានភាពតានតឹងផ្លូវចិត្តខ្លះ តែចុងឆ្នាំនឹងមានការរីកចម្រើនជាងមុន។ អ្នកគួរជៀសវាងការចំណាយខ្ជះខ្ជាយ និងការឱ្យគេខ្ចីបុល។
ទំនាក់ទំនង និងសុខភាព៖ រឿងស្នេហាអាចមានភាពស្រស់បំព្រង តែត្រូវចេះអត់ធ្មត់ និងជឿជាក់គ្នា។ ផ្នែកសុខភាព ត្រូវប្រយ័ត្នបញ្ហាក្រពះដោយសារការសម្រាកមិនគ្រប់គ្រាន់។
ឆ្នាំមមែ (ពពែ)

ឆ្នាំកំណើត៖ ១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣, ២០១៥
ឆ្នាំនេះជាឆ្នាំនៃការវិវត្តខ្លួន។ ភាពជោគជ័យនឹងកើតមាន ប្រសិនបើអ្នកចេះបត់បែន និងគិតវិជ្ជមាន។
អាជីព និងលុយកាក់៖ ការរីកចម្រើនក្នុងអាជីពអាស្រ័យលើទំនាក់ទំនងល្អជាមួយមិត្តរួមការងារ។ លុយកាក់មានស្ថិរភាពតាមរយៈការរៀបចំផែនការច្បាស់លាស់។
ទំនាក់ទំនង និងសុខភាព៖ ស្នេហាមានភាពរលូន និងយល់ចិត្តគ្នា។ អ្នកនៅលីវអាចជួបគូដោយមិនបានរំពឹងទុក។ គួរហាត់ប្រាណបែបយូហ្គា ឬសមាធិដើម្បីកាត់បន្ថយស្ត្រេស។
ឆ្នាំវក (ស្វា)

ឆ្នាំកំណើត៖ ១៩៤៤, ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦
ឆ្នាំ ២០២៦ ជាឆ្នាំដែលអ្នកត្រូវការភាពបត់បែន និងការផ្ដោតអារម្មណ៍ខ្លាំង ប៉ុន្តែវិន័យ និងភាពម៉ឺងម៉ាត់នឹងនាំអ្នកទៅរកភាពជោគជ័យ។
អាជីព និងលុយកាក់៖ ដើមឆ្នាំអាចមានភាពស្រពេចស្រពិល និងសម្ពាធ ប៉ុន្តែថ្នាក់លើនឹងមើលឃើញសមត្ថភាពនៅចុងឆ្នាំ។ ជៀសវាងការវិនិយោគដែលមានហានិភ័យខ្ពស់។
ទំនាក់ទំនង និងសុខភាព៖ អាចមានភាពរកាំរកូសក្នុងស្នេហាដោយសារការងារមមាញឹក។ ត្រូវយកចិត្តទុកដាក់លើការថែរក្សាសុខភាព តាមរយៈអាហារ ការសម្រាក តែកុំហាត់ប្រាណខ្លាំងៗពេក។
ឆ្នាំរកា (មាន់)

ឆ្នាំកំណើត៖ ១៩៤៥, ១៩៥៧, ១៩៦៩, ១៩៨១, ១៩៩៣, ២០០៥, ២០១៧
២០២៦ ជាឆ្នាំដែលពោរពេញទៅដោយការប្រឈមមុខនឹងបញ្ហា ទន្ទឹមគ្នានឹងឱកាសថ្មីៗ។ ភាពឧស្សាហ៍ព្យាយាមនឹងនាំអ្នកទៅរកភាពជោគជ័យ។
អាជីព និងលុយកាក់៖ ជាការចាប់ផ្តើមនៃដំណើរផ្លាស់ប្តូរក្នុងអាជីពការងារ។ លុយកាក់អាចមានឡើងចុះនៅដើមឆ្នាំ ដូច្នេះអ្នកត្រូវគ្រប់គ្រងលុយកាក់ឱ្យបានល្អ។
ទំនាក់ទំនង និងសុខភាព៖ អាចមានភាពតានតឹងក្នុងជីវិតគូ កើតចេញពីការយល់ច្រឡំ ត្រូវដោះស្រាយបញ្ហាភ្លាមៗតាមរយៈការបើកចិត្តនិយាយគ្នា។ អ្នកនៅលីវអាចនឹងជួបគូ។ សម្រាប់សុខភាព ត្រូវយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តជាចម្បង។
ឆ្នាំច (ឆ្កែ)

ឆ្នាំកំណើត៖ ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨
អ្នកនឹងបន្តរីកចម្រើនទៅមុខ ប៉ុន្តែអ្នកក៏អាចមានអារម្មណ៍ច្របូកច្របល់ខ្លះដែរ។
អាជីព និងលុយកាក់៖ ក្នុងរយៈពេល ៣ខែដំបូង អ្នកអាចនឹងមានអារម្មណ៍ថា នៅមួយកន្លែង មិនរីកចម្រើនទៅមុខ តែការងារនឹងប្រសើរឡើងបន្ទាប់ពីនោះ រហូតដល់មានការឡើងតំណែង។
ទំនាក់ទំនង និងសុខភាព៖ ត្រូវគិតមួយៗ ដើម្បីជៀសវាងការយល់ច្រឡំ ដែលអាចនាំឱ្យបែកគ្នា។ អ្នកនៅលីវអាចនឹងជួបគូ តែហាមគិតច្រើន។ សម្រាប់សុខភាព ត្រូវសម្រាកឱ្យបានច្រើន ហាត់ប្រាណ និងញ៉ាំអាហារល្អៗ ដើម្បីការពារបញ្ហាក្រពះ និងឈឺក្បាល។
ឆ្នាំកុរ (ជ្រូក)

ឆ្នាំកំណើត៖ ១៩៤៧, ១៩៥៩, ១៩៧១, ១៩៨៣, ១៩៩៥, ២០០៧, ២០១៩
អ្នកត្រូវមានការប្រុងប្រយ័ត្ន និងវិន័យខ្ពស់ មុនសម្រេចចិត្តលើអ្វីមួយ។
អាជីព និងលុយកាក់៖ ពាក់កណ្ដាលឆ្នាំ២០២៦ អ្នកអាចនឹងទទួលបានឱកាសថ្មីៗ តែត្រូវពិចារណាឱ្យច្បាស់លាស់មុនសម្រេចចិត្ត។ អ្នកធ្វើការក្នុងវិស័យច្នៃប្រឌិត និងការទំនាក់ទំនងនឹងទទួលបានផលល្អជាពិសេស។ លុយកាក់មានស្ថិរភាព និងអាចទទួលបានលាភសក្ការៈបន្ថែមនៅចុងឆ្នាំ។
ទំនាក់ទំនង និងសុខភាព៖ ជៀសវាងការគិតច្រើន និងការប្រច័ណ្ឌខុសរឿង។ ប្រយ័ត្នបញ្ហាតម្រងនោម និងប្រព័ន្ធរំលាយអាហារ។
ឆ្នាំជូត (កណ្ដុរ)

ឆ្នាំកំណើត៖ ១៩៤៨, ១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨, ២០២០
ឆ្នាំនៃការផ្លាស់ប្តូរឆាប់រហ័ស។ ភាពជោគជ័យបានមកពីការរៀបចំផែនការយ៉ាងល្អិតល្អន់ ការរក្សាចិត្តស្ងប់ និងមិនឆេវឆាវ។
អាជីព និងលុយកាក់៖ មានឱកាសពង្រីកអាជីវកម្ម ប៉ុន្តែត្រូវប្រយ័ត្នរឿងផ្ទៃក្នុងនៅកន្លែងធ្វើការ។ ជៀសវាងការវិនិយោគបែបប្រថុយប្រថាន ត្រូវមានផែនការត្រឹមត្រូវ។
ទំនាក់ទំនង និងសុខភាព៖ ជាឆ្នាំសម្រាប់ព្យាបាលរបួសផ្លូវចិត្តចាស់ៗ និងការពង្រឹងទំនុកចិត្តឡើងវិញ។ កុំធ្វើការហួសកម្លាំងពេក ត្រូវសម្រាកឱ្យគ្រប់គ្រាន់ ដើម្បីការពារអារម្មណ៍តានតឹង។
ឆ្នាំឆ្លូវ (គោ)

ឆ្នាំកំណើត៖ ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩, ២០២១
ទោះបីជាអ្នកកើតឆ្នាំនេះអាចចូលចិត្តភាពច្បាស់លាស់ និងការគ្រោងទុក ប៉ុន្តែឆ្នាំ ២០២៦ ទាមទារឱ្យអ្នកចេះបត់បែនតាមកាលៈទេសៈ តាមការប្រែប្រួលជាក់ស្ដែង។
អាជីព និងលុយកាក់៖ មានការរីកចម្រើនតាមរយៈការចេះបត់បែន ការហ៊ានប្រថុយ និងមានឱកាសអាចឡើងតំណែង។ លុយកាក់មានសន្ទុះកើនឡើងសន្សឹមៗ។
ទំនាក់ទំនង និងសុខភាព៖ អ្នកនៅលីវគួរចេញក្រៅឱ្យបានច្រើនដើម្បីជួបគូ។ ជីវិតអាពាហ៍ពិពាហ៍រឹងមាំ ឬអាចមានសមាជិកបន្ថែម។ ប្រយ័ត្នបញ្ហាសន្លាក់ និងឆ្អឹង តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ។
ឆ្នាំខាល (ខ្លា)

ឆ្នាំកំណើត៖ ១៩៥០, ១៩៦២, ១៩៧៤, ១៩៨៦, ១៩៩៨, ២០១០, ២០២២
ឆ្នាំ ២០២៦ ជាឆ្នាំខ្លាក្លាហាន ដែលអាចមានការងារច្រើនពេញមួយឆ្នាំ។ យ៉ាងណាមិញ ត្រូវចេះគ្រប់គ្រងអារម្មណ៍ ព្រោះអាចមានការប្រែប្រួលអារម្មណ៍ច្រើន។
អាជីព និងលុយកាក់៖ មានឱកាសដំឡើងប្រាក់ខែ និងតំណែង ជាពិសេសការងារក្នុងផ្នែកគ្រប់គ្រង។ អាចមានលាភធំពីវិស័យអចលនទ្រព្យ។
ទំនាក់ទំនង និងសុខភាព៖ ជាពេលវេលាល្អសម្រាប់ការសុំសង្សាររៀបការ ឬភ្ជាប់ពាក្យ។ សុខភាពរាងកាយល្អ តែប្រយ័ត្នលើសុខភាពផ្លូវចិត្ត តាមរយៈភាពមមាញឹកក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។
ឆ្នាំថោះ (ទន្សាយ)

ឆ្នាំកំណើត៖ ១៩៣៩, ១៩៥១, ១៩៦៣, ១៩៧៥, ១៩៨៧, ១៩៩៩, ២០១១, ២០២៣
ឱកាសនឹងមកដល់ ប្រសិនបើអ្នកហ៊ានចាកចេញពីតំបន់សុវត្ថិភាព (Comfort Zone)។
អាជីព និងលុយកាក់៖ អាចមានការផ្លាស់ប្តូរការងារក្នុងទិសដៅល្អ។ ត្រូវប្រយ័ត្នលើអារម្មណ៍ឆេវឆាវ និងការចំណាយខុសខ្ទង់។
ទំនាក់ទំនង និងសុខភាព៖ អ្នកនៅលីវ អាចជួបមនុស្សពិសេសដែលចូលមកផ្លាស់ប្តូរជីវិត។ គួរហាត់សមាធិ ឬយូហ្គា ដើម្បីការងារអារម្មណ៍តានតឹង ឬ Burnout។
ឆ្នាំរោង (នាគ)

ឆ្នាំកំណើត៖ ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០, ២០១២, ២០២៤
ធាតុភ្លើងនៃឆ្នាំមមី អាចធ្វើឱ្យអ្នកមានទំនុកចិត្តជាងមុន តែក៏អាចបង្កើនអារម្មណ៍ឆេវឆាវផងដែរ។
អាជីព និងលុយកាក់៖ ដើមឆ្នាំអាចមានការខកចិត្តខ្លះ ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំនឹងមានឱកាសល្អៗ។ អ្នកត្រូវពិគ្រោះជាមួយអ្នកជំនាញមុននឹងសម្រេចចិត្តវិនិយោគលើអ្វីមួយ។
ទំនាក់ទំនង និងសុខភាព៖ អ្នកនៅលីវអាចនឹងដល់គូ តែអ្នកមានគូត្រូវចេះយោគយល់ និងប្រឹក្សាគ្នា ការពារបញ្ហាធំពេលក្រោយ។ ត្រូវយកចិត្តទុកដាក់លើសុខភាពខ្នង ក្រពះ និងសន្លាក់។
ឆ្នាំម្សាញ់ (ពស់)

ឆ្នាំកំណើត៖ ១៩៤១, ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១, ២០១៣, ២០២៥
ការមានវិន័យ និងការសម្រេចចិត្តច្បាស់លាស់នឹងនាំមកនូវលទ្ធផលវិជ្ជមាន។
អាជីព និងលុយកាក់៖ ការងារ ឬអាជីវកម្មនឹងមានសន្ទុះខ្លាំង។ សម្ពាធនឹងកើនឡើង តែការរៀបផែនការ និងការផ្ដោតអារម្មណ៍នឹងនាំមកនូវលទ្ធផលល្អ។ ការវិនិយោគលើទ្រព្យសម្បត្តិ ឬអចលនទ្រព្យអាចផ្តល់ផលល្អនៅចុងឆ្នាំ។
ទំនាក់ទំនង និងសុខភាព៖ ទំនុកចិត្តជាគន្លឹះនៃស្នេហារឹងមាំ។ ទោះបីជាមមាញឹកនឹងការងារ ក៏ត្រូវរក្សាទម្លាប់រស់នៅល្អ ហាត់ប្រាណ សម្រាក និងទទួលទានអាហារល្អៗជាប្រចាំ៕
























