តើអ្នកធ្លាប់ជួបប្រទះនឹងអារម្មណ៍ដែលថា អ្នកបានធ្វើការងារជាច្រើន ក៏ប៉ុន្តែបែរជាមិនមានអារម្មណ៍ដិតដាម ឬ សប្បាយចិត្តនឹងការងារទាំងនោះសោះ? បើអ្នកធ្លាប់មានអារម្មណ៍ដូច្នេះ ប្រហែលនេះជាវេលាដ៏ល្អមួយដែលអ្នកគួរមកស្គាល់ពីគោលគំនិត “Meraki”។

តើអ្នកធ្លាប់ជួបប្រទះនឹងអារម្មណ៍ដែលថា អ្នកបានធ្វើការងារជាច្រើន ក៏ប៉ុន្តែបែរជាមិនមានអារម្មណ៍ដិតដាម ឬ សប្បាយចិត្តនឹងការងារទាំងនោះសោះ? បើអ្នកធ្លាប់មានអារម្មណ៍ដូច្នេះ ប្រហែលនេះជាវេលាដ៏ល្អមួយដែលអ្នកគួរមកស្គាល់ពីគោលគំនិត “Meraki”។

“Meraki” ជាពាក្យមួយដែលមានប្រភពមកពីភាសាក្រិក។ វាមិនមានពាក្យប្រែឱ្យចំទាំងស្រុងនោះទេ ទាំងនៅក្នុងភាសាអង់គ្លេស និងភាសាខ្មែរ ក៏ប៉ុន្តែពាក្យនេះមានអត្ថន័យថា ការធ្វើអ្វីមួយដោយបេះដូង ការដាក់បញ្ចូលព្រលឹងវិញ្ញាណ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្នែកមួយនៃអ្នក ចូលទៅក្នុងអ្វីដែលអ្នកកំពុងធ្វើ។
ស្របតាមអត្ថន័យនេះ “Meraki” មិនមែនគ្រាន់តែជាការ “ធ្វើឱ្យបានល្អ” នោះទេ ប៉ុន្តែវាជាការ «ដាក់បញ្ចូលខ្លួនអ្នកទៅក្នុង» សកម្មភាពនោះតែម្ដង។
សកម្មភាពទាំងនេះអាចមិនមែនជារឿងធំដុំគ្រប់ពេលទេ ប៉ុន្តែអាចជាសកម្មភាពតូចៗប្រចាំថ្ងៃ ដូចជា ការធ្វើម្ហូប ការគូររូប ការសរសេរកំណត់ហេតុ ការដាំផ្កា ការឆុង Matcha ឬសូម្បីតែការជជែកលេងជាមួយនរណាម្នាក់ដោយយកចិត្តទុកដាក់ជាដើម។

កន្លងមក យើងប្រហែលជាបានឮពីពាក្យថា Productivity ដែលមនុស្សត្រូវធ្វើការ វាស់វែងលើលទ្ធផល ភាពរហ័សរហួន និងត្រូវតែមមាញឹកគ្រប់ពេល រហូតដល់ជួនកាលយើងភ្លេចគិតទៅថា មនុស្សយើងមិនមែនត្រូវការបំពេញការងារឱ្យតែចប់ៗនោះទេ ប៉ុន្តែគឺត្រូវការអារម្មណ៍មួយដែលដឹងថា អ្វីដែលយើងបានធ្វើនោះ មានចំណែកនៃបេះដូងរបស់យើងនៅក្នុងនោះដែរ។
ដោយហេតុនេះ មនុស្សមួយចំនួនចាប់ផ្ដើមមានអារម្មណ៍ហត់នឿយដែលត្រូវគិត ត្រូវបង្កើតអ្វីថ្មីជាប្រចាំ ប៉ុន្តែបើទោះបីជាខ្លួនបានធ្វើរឿងជាច្រើនទៅហើយក្ដី បែរជាមិនមានអារម្មណ៍ដិតដាម ឬរីករាយនឹងអ្វីដែលខ្លួនកំពុងតែធ្វើសោះ។
ហេតុដូចនេះ “Meraki” ប្រៀបដូចជាសារដាស់តឿនថា ជួនកាល តម្លៃពិតប្រាកដនៃជីវិតមិនមែនស្ថិតនៅលើការធ្វើការឱ្យបានច្រើននោះទេ ប៉ុន្តែគឺស្ថិតនៅលើការរស់នៅជាមួយអ្វីដែលខ្លួនកំពុងធ្វើ។ ហើយជួនកាល អ្វីដែលធ្វើឱ្យមនុស្សមួយចំនួនមើលទៅមានមន្តស្នេហ៍ខ្លាំងនោះ មិនមែនមកពីពួកគេមានភាពល្អឥតខ្ចោះជាងអ្នកដទៃនោះទេ ប៉ុន្តែមកពីយើងអាចមើលឃើញថា មនុស្សនោះកំពុងប្រើប្រាស់ជីវិតពេញដោយបេះដូងពិតប្រាកដ។

ដូច្នេះហើយ គំនិតបែប “Meraki” មិនបានប្រាប់ឱ្យយើងត្រូវតែជាមនុស្សដែលពូកែបំផុត ឬបង្កើតអ្វីដែលអស្ចារ្យបំផុតនោះទេ ប៉ុន្តែគោលគំនិតនេះកំពុងប្រាប់យើងឱ្យមានចំណាប់អារម្មណ៍នឹងអ្វីដែលយើងកំពុងធ្វើ។
សូមកុំភ្លេចថា របស់ដែលមានតម្លៃបំផុតនៅលើពិភពលោកនេះ ប្រហែលជាមិនមែនជាអ្វីដែលអស្ចារ្យ ឬល្អឥតខ្ចោះនោះទេ ប៉ុន្តែវាគឺជាអ្វីដែលមនុស្សម្នាក់បានតាំងចិត្តធ្វើអស់ពីបេះដូង៕
