នំត្នោត ក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ១,០០០,០០០ នំ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ ✨

នំត្នោត ក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ១,០០០,០០០ នំ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ ✨

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមេសានេះបានប្រកាសរៀបចំនំត្នោតដែលជាបង្អែមតំណាងឱ្យអត្តសញ្ញាណដ៏លេចធ្លោរបស់ខេត្ត ដើម្បីត្រៀមទទួលស្វាគមន៍ និងចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត»។
ផ្អែកតាមការប្រកាសលើទំព័រហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការរៀបចំនេះ មិនត្រឹមតែបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់កសិផលខ្មែរ និងបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃទឹកដីខេត្តកំពង់ស្ពឺផងដែរ។
ទន្ទឹមនេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានអញ្ជើញបងប្អូនភ្ញៀវទេសចរពីគ្រប់ទិសទីដើម្បីមកទទួលយកបទពិសោធន៍នៃរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ និងភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយទីតាំងចែកនំគឺនៅក្លោងទ្វារ គណបក្សប្រជាជនកម្ពុជាខេត្ត ៕












