មនុស្សដែលជាអ្នកដឹកនាំ និងមើលទៅរឹងមាំក្នុងក្រសែភ្នែកមនុស្សទូទៅមួយចំនួន បែរជាប្រែក្លាយជាមនុស្សដែលចូលចិត្តធ្វើខ្លួនជាកូនក្មេង ចូលចិត្តឱប ឬចូលចិត្តនិយាយសំឡេងគួរឱ្យស្រឡាញ់នៅពេលនៅជាមួយសង្សារ។ បើអ្នកធ្លាប់ធ្វើសកម្មភាពទាំងនេះ មានន័យថា អ្នកកំពុងស្ថិតនៅក្នុង “Baby Mode” ហើយ។
ដ្បិតពាក្យថា Baby Mode មិនមែនជាពាក្យបច្ចេកទេសផ្លូវការ ក៏ប៉ុន្តែក៏នៅមានទ្រឹស្តីចិត្តវិទ្យាមួយចំនួនដែលអាចពន្យល់បានថា ហេតុអ្វីមនុស្សមួយចំនួនបានធ្លាក់ចូលក្នុង Baby Mode ពេលនៅជាមួយនឹងសង្សារ ឬគូជីវិតរបស់ខ្លួន។
តាមរយៈទ្រឹស្ដី Attachment Theory របស់លោក John Bowlby បានពន្យល់ថា មនុស្សយើងត្រូវការ “តំបន់សុវត្ថិភាព” នៅក្នុងទំនាក់ទំនង។ នៅពេលដែលអ្នកមានអារម្មណ៍ថា មនុស្សនៅចំពោះមុខត្រៀមខ្លួនស្តាប់ និងមិនចាំវាយតម្លៃថាអ្នកខុស ឬត្រូវ អ្នកនឹងហ៊ានបង្ហាញជ្រុងដែលទន់ភ្លន់ និងទន់ខ្សោយរបស់ខ្លួនទៅកាន់ដៃគូកាន់តែខ្លាំង។
ការសិក្សាអំពីទំនាក់ទំនងក្នុងចំណោមមនុស្សពេញវ័យ ក៏បានបង្ហាញផងដែរថា មនុស្សដែលស្ថិតនៅក្នុងទំនាក់ទំនងដែលមានសុវត្ថិភាព ឬ Secure Attachment ជារឿយៗតែងតែបើកចំហពីអារម្មណ៍ ស្វែងរកជំនួយ និងបង្ហាញភាពគួរឱ្យស្រឡាញ់ដាក់មនុស្សដែលខ្លួនស្រឡាញ់ បានដោយធម្មជាតិ។
ក្រៅពីនេះ ក៏មានការលើកឡើងដែរថា នៅពេលដែលអ្នកនៅជាមួយមនុស្សដែលអ្នកទុកចិត្ត ប្រព័ន្ធសរសៃប្រសាទនឹងឈានចូលទៅក្នុងស្ថានភាពបន្ធូរអារម្មណ៍ ឬហៅថា Co-regulation ដែលធ្វើឱ្យអ្នកមិនចាំបាច់ដើរតួជាមនុស្សពូកែ ឬជាអ្នកដឹកនាំគ្រប់ពេលវេលានោះទេ។
ដូច្នេះ វាមិនចម្លែកទេ ដែលពេលខ្លះអ្នកត្រូវធ្វើខ្លួនជាកូនក្មេងខ្លះ ព្រោះតែអ្នកស្រណុកចិត្តនឹងដៃគូរបស់អ្នក ទើបធ្វើឱ្យអ្នកធ្លាក់ចូលក្នុង Baby Mode ត្រូវវិញ្ញាណកូនក្មេងតូចចូលសណ្ឋិតដោយមិនដឹងខ្លួន៕