កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក។
យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយឡាវ (លេខ៦) និងមីយ៉ាន់ម៉ា (លេខ១៦)។
សូមបញ្ជាក់ថា ស្ថាប័ន U.S. News & World Report បានផ្ដោតលើសូចនាករ ៥ រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបនឹងកង្វះខាតទឹកដែលឈានដល់ការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់ ដល់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធាន។
កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះ គឺជាការបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់ របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យ ពីស្ថាប័នគួរឲ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក ដែលបានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ឆ្នាំ ២០២៦ កាលពីថ្ងៃ ១៣ ខែឧសភា ឆ្នាំ២០២៦ ហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមការចុះផ្សាយដោយ SEA Infographics ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៦ ផ្អែកតាមរបាយការណ៍របស់ U.S. News & World Report៕