បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Date-Flation៖ នៅក្នុងយុគសម័យដែលគ្រប់យ៉ាងឡើងថ្លៃ ធ្វើឱ្យមនុស្សមិនហ៊ានចេញ Date

Date-Flation៖ នៅក្នុងយុគសម័យដែលគ្រប់យ៉ាងឡើងថ្លៃ ធ្វើឱ្យមនុស្សមិនហ៊ានចេញ Date

នៅក្នុងយុគសម័យដែលគ្រប់យ៉ាងឡើងថ្លៃ ការណាត់ជួប ឬ Date ជាមួយនឹងនរណាម្នាក់ បានក្លាយជាចំណោទបញ្ហាមួយដែលមនុស្សម្នាក់ៗត្រូវគិត លើសពីការតុបតែងខ្លួនឱ្យស្អាតបំផុត ឬការស្វែងរកទីកន្លែងដែលរ៉ូមែនទិកបំផុត។ ពោលគឺត្រូវគិតទៅលើការចំណាយផ្សេង​ៗរាប់ចាប់ពីថ្លៃអាហារ ថ្លៃសំបុត្រកុន និងថ្លៃធ្វើដំណើរជាដើម។

Advertisement

ស្ថានភាពបែបនេះមានឈ្មោះថា Date-Flation ដែលការចំណាយទៅលើការចេញ Date ជាមួយនរណាម្នាក់ចាប់ផ្ដើមអស់ច្រើនជាងមុន ព្រោះតែបញ្ហាអតិផរណា។ វាកំពុងតែជះឥទ្ធិពលធ្វើឱ្យយុវជនជំនាន់ថ្មីណាត់ជួបគ្នាតិចជាងមុន ឬហៅថា Dating Recession ព្រោះតែគ្មានលទ្ធភាពរ៉ាប់រងការចំណាយ។

ទិន្នន័យឆ្នាំ ២០០៦ ពី BMO Financial Group បានបង្ហាញថា នៅ​សហរដ្ឋអាមេរិក មនុស្សជំនាន់ Gen Y ត្រូវរ៉ាប់រងការចំណាយលើការណាត់ជួបជាមធ្យមរហូតដល់ ២៥២ ដុល្លារ​ក្នុងមួយលើក ដែលកើនឡើងពីឆ្នាំមុនរហូតដល់ ៣២ ភាគរយ។ ទន្ទឹមគ្នានេះ ការសិក្សារបស់ State of Our Unions ទៅលើការណាត់ជួបរបស់យុវវ័យអាយុចន្លោះពី ២២ ដល់ ៣៥ ឆ្នាំ ចំនួន ៥ ០០០ នាក់ នៅក្នុង​អាមេរិក បានឱ្យដឹងថា យុវជនជាង ៥២ ភាគរយ ជ្រើសរើសមិនណាត់ជួបជាមួយនរណាសោះ ដោយសារតែក្តីបារម្ភរឿងលុយកាក់។

ពួកគេយល់ថា បើគ្រាន់តែការណាត់ជួបនៅតែត្រូវស្ត្រេសរឿងចំណាយទៅហើយ ផែនការធំៗដូចជាការរៀបការ ឬការមានកូន ក៏ត្រូវរក្សាទុកមួយឡែកសិនដែរ។ ការសិក្សាដដែលនេះក៏បានរកឃើញដែរថា អ្នកចូលរួមជាច្រើនជឿថា ខ្លួនត្រូវមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាមុនសិន ទើបអាចគិតរឿងជីវិតគូបាន។

បន្ថែមពីនេះ លោកសាស្ត្រចារ្យ Bruce Y. Lee មកពីសាកលវិទ្យាល័យ The City University of New York បានចង្អុលបង្ហាញថា អតិផរណានេះក៏ធ្វើឱ្យមនុស្សមានទំនោររើសច្រើនជាងមុនផងដែរ ព្រោះតែមិនអាចចេញណាត់ជួបនរណាម្នាក់បានញឹកញយដូចមុន។ លោកសាស្ត្រាចារ្យបានបង្ហាញទៀតថា បញ្ហានេះបានធ្វើឱ្យសង្គមត្រឡប់ទៅរកផ្នត់គំនិតបែបបុរាណវិញ ដូចជាការរំពឹងឱ្យខាងប្រុសជាអ្នកចេញថ្លៃចំណាយទាំងអស់ ឬខាងស្រីគួរតែទទួលបានការមើលថែជាពិសេស ដែលចុងក្រោយសម្ពាធទាំងនេះរឹតតែបង្កើនភាពឯកោក្នុងចិត្តមនុស្ស។

យ៉ាងណាមិញ បញ្ហានេះមិនមែនគ្មានផ្លូវចេញនោះទេ ហើយយើងក៏មិនចាំបាច់ទាល់តែសេដ្ឋកិច្ចល្អប្រសើរសិន ទើបអាចមានសេចក្ដីស្រឡាញ់បាននោះដែរ។ វិទ្យាស្ថាន Kinsey បានរកឃើញថា យុវជនជំនាន់ថ្មីរហូតដល់ ៣៥% បានងាកមកជ្រើសរើសការណាត់ជួបដែលចំណាយ​តិច តែនៅតែអាចចំណាយពេលជាមួយគ្នាបាន ដូចជាការណាត់ជួបគ្នានៅក្នុងហាងកាហ្វេ ឬទីធ្លាសាធារណៈដែលអាចចូលបានដោយសេរី ជំនួសឱ្យការទៅហាងអាហារប្រណីត។

លោក Justin Lehmiller អ្នកស្រាវជ្រាវពីវិទ្យាស្ថានខាងលើនេះ បានណែនាំថា យើងអាចបង្កើតចំណងទំនាក់ទំនងតាមការណាត់ជួបដែលមិនចាំបាច់ចំណាយលុយច្រើនបានជាច្រើនវិធី ដូចជា បបួលគ្នាធ្វើអាហារញ៉ាំនៅផ្ទះជំនួសឱ្យការចេញទៅក្រៅ ប្តូរមកដើរលេងជជែក​គ្នានៅក្នុងសួនសាធារណៈ ឬដើរទស្សនាសារមន្ទីរ និងជ្រើសរើសទីកន្លែងណាត់ជួបនៅជិតផ្ទះ ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរជាដើម។

ការណាត់ជួបដែលមិនទាមទារឱ្យមានការចំណាយច្រើនបែបនេះ មិនមែនមានន័យថាភាគីម្ខាងទៀតមិនលះបង់ ឬគ្មានភាពស្មោះត្រង់នោះទេ។ អត្ថន័យពិតប្រាកដនៃការណាត់ជួបគ្នា គឺជាការផ្ដល់ឱកាសក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក។ នៅក្នុងសម័យកាលដែលមនុស្សម្នាក់ៗមានសម្ពាធព័ទ្ធជុំវិញខ្លួន ការណាត់ជួបដ៏ល្អមួយ មិនមែនទាមទារឱ្យតែមានភាពហ៊ឺហា ឬចំណាយប្រាក់ច្រើននោះទេ ប៉ុន្តែគឺការបាននៅជាមួយមនុស្សដែលធ្វើឱ្យយើងអាចធ្វើជាខ្លួនឯងបានដោយមានក្តីសុខបំផុត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា