ប្រជាពលរដ្ឋអាចចូលរួមដោយសេរី និងពិសាទុរេន ដោយឥតបង់ប្រាក់នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ «ទុរេន និងការតាំងបង្ហាញកសិផលក្នុងស្រុក» ក្នុងខេត្តត្បូងឃ្មុំ ដែលរៀបចំធ្វើក្នុងរយៈពេល ៩ ថ្ងៃខាងមុខទៀតនេះ។ តាមដំណឹងផ្លូវការពីរដ្ឋបាលខេត្តត្បូងឃ្មុំ។
តាមរយៈការបង្ហោះជូនដំណឹងលើផេកផ្លូវការរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១២ ដល់ ១៤ ខែមិថុនា ឆ្នាំ ២០២៦ ខេត្តត្បូងឃ្មុំនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ «ទុរេននិងការតាំងបង្ហាញកសិផលក្នុងស្រុក» នៅតំបន់ទន្លេសិប្បនិម្មិត (ត្រង់ទីតាំងខ្ញុំស្រលាញ់ខេត្តត្បូងឃ្មុំ)។
ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យពលរដ្ឋក្នុងខេត្ត ក៏ដូចជាតាមបណ្ដាខេត្តជិតឆ្ងាយបានចូលរួមនិងពិសាទុរេនដ៏ឈ្ងុយឆ្ងាញ់របស់ខ្មែរ។ លើសពីនេះ អ្នកចូលរួមក៏អាចទស្សនាការប្រគំតន្ត្រី និងអាចចូលរួមលេងកម្សាន្តកម្មវិធីសប្បាយដែលរៀបចំដោយរដ្ឋបាលខេត្តផងដែរ។ ជាមួយគ្នា អ្នកចូលរួមក៏អាចចូលទស្សនាស្តង់កសិផលខ្មែរជាច្រើនផងដែរ។ បញ្ជាក់ដែរថា ចំពោះកម្មវិធីភ្លក់ ទុរេន ធ្វើតែ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃ ១២ មិថុនា ២០២៦ ម៉ោង ៤ រសៀល នៅទីតាំងខាងលើ។
តាមការឱ្យដឹងបន្ថែមលើផេកផ្លូវការខាងលើ ក្រោយការប្រកាសជូនដំណឹងការតាំងពិព័រណ៍ បណ្ដាអាជីវករ ក៏ដូចជាម្ចាស់ចម្ការទុរេនជាច្រើនតំបន់បានផ្ដល់ជូនផ្លែទុរេនដល់រដ្ឋបាលខេត្តដើម្បីធានាថាអ្នកចូលរួមនឹងបានទទួលទានផ្លែទុរេនខ្មែរគ្រប់ៗគ្នា៕
រូបភាព ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ