ក្រុមអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាកំពុងជួសជុលពង្រឹងថ្មនៅបណ្ណាល័យខាងជើង នៃជាន់ទី២ ប្រាសាទអង្គរវត្ត។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

កត្តាធម្មជាតិ និងអាយុកាលបានធ្វើឱ្យថ្មប្រាសាទមានភាពពុកផុយ ហើយប្រេះបែក។ អ្នកជំនាញបានឱ្យដឹងថា ការជួសជុលនេះត្រូវបានផ្ដោតលើការទប់ស្កាត់កុំឱ្យថ្មបន្តពុកផុយ បែកឬប្រេះបន្តទៀត។ ដោយឡែក បើពុំទទួលបានការព្យាបាលទាន់ពេលវេលានោះទេនឹងធ្វើឱ្យប៉ះពាល់ឬធ្វើឱ្យបាត់បង់រូបរាង ក្បាច់ ចម្លាក់ ពិសេសរូបអប្សរា។
ចំពោះចំណុចដែលត្រូវជួសជុលរួមមាន៖ ធ្នឹមដំបូល ធ្នឹមសសរ ស៊ុមទ្វារ ជញ្ជាំង និងកម្រាលថ្មដែលមានប្រហោង កន្លែងខ្លះត្រូវបានបិទផ្ចិតដោយបាយអ ដើម្បីការពារជម្រាបទឹក។ ក្រុមការងារអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការនាពេលនេះ ដោយកន្លងមកពួកគេធ្លាប់បានព្យាបាល និងអភិរក្សថ្មមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ដូចជា ជើងសសររលួយពុកផុយចំនួន ១០ ដើម និងព្រះពុទ្ធរូបទាំង ៤ អង្គ នៅចាន់បាកាន ជួសជុលជើងសសរនៅជាន់ព្រះពាន់ជាង ៣០ និងជួសជុលចម្រឹងបង្អួចមួយចំនួននៅជិតលោកតារាជជាដើម៕









រូបភាព ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ






















