មេត្រីគល់រាំងយក្ស ទម្ងន់ជាង ៣០០ គីឡូក្រាម កែច្នៃឡើងពីសំណល់ប្លាស្ទិក ត្រៀមជាស្រេចក្នុងការបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ «បុណ្យសមុទ្រទឹកសាបកម្ពុជា និងបុណ្យដឹងគុណបឹងទន្លេសាប»។ នេះបើតាមការជូនដំណឹងលើផេកផ្លូវការសហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង។
លោក រៀម មុនីស៊ីឡុម គឺជាសិស្បៈករកែច្នៃប្លាស្ទិក និងជាប្រជាជនរស់នៅសហគមន៍កំពង់ឃ្លាំង។ ម្ចាស់ស្នាដៃសិល្បៈដ៏អស្ចារ្យមួយនេះបានត្រៀមជាស្រេចក្នុងដាក់បង្ហាញ និងដហ្ហែរត្រីគល់រាំងយក្ស ទម្ងន់ជាង ៣០០គីឡូក្រាម ក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ ២០២៦ ។ នាថ្ងៃទី ២៦-២៧ ខែ មិថុនា ខាងមុខ សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំងនឹងមានរៀបចំព្រឹត្តិការណ៍ «បុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណបុណ្យទន្លេសាប» ក្រោមប្រធានបទ «ទស្សនាកម្ពុជារដូវកាលបៃតង» នៅទីតាំងសហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំងតែម្ដង។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិមួយនេះក៏នឹងមានកម្មវិធីកម្សាន្តជាច្រើនដូចជា៖ ក្បួនជិះកង់ចំនួន ១ពាន់កង់, ក្បួនព្យុហយាត្រាអេកូទេសចរណ៍រដូវកាលបៃតង និងក្បួនថ្មើរជើង, ការដង្ហែក្បួនតុក្កតាយក្សបឹងទន្លេសាប និងត្រីគល់រាំងយក្ស។
កម្មវិធីកីឡា «អ្នកចម្បាំងបឹងទន្លេសាប» រួមមាន៖ ការរត់កម្សាន្តជាមួយប្រជាសហគមន៍ (ចម្ងាយ ៣ ទៅ ៥គីឡូម៉ែត្រ) , ការប្រកួតប្រជែងដោះសំរាមប្លាស្ទិកចេញពីស្លាបចក្រកាណូត, កីឡាប្រកួតបង់សំណាញ់ , កីឡាប្រណាំងទូកអុំនារី, កីឡាអុំប្រណាំងចានដែក និងជិះកង់លើទឹកជាដើម។ សូមអញ្ជើញភ្ញៀវជាតិនិងអន្តរជាតិចូលរួមឱ្យបានកុះករដើម្បីរួមចំណែកក្នុងការអភិរក្សបរិស្ថាន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងឱ្យកាន់តែទូលំទូលាយ៕
រូបភាព ៖ សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង