ជីរក្រសាំងទំហំ ឬយើងនិយមហៅថា ជីរពងទាកូន គឺជាបន្លែមួយដែលប្រជាជនខ្មែរ និយមយកមកបរិភោគផ្ទាប់ជាមួយនឹងម្ហូបនានា ជាពិសេសគឺ ពងទាកូន និងប្រហិតចៀនជាដើម។ ជីរពងទាកូនមានក្លិនក្រអូបឆួល និងមានរសជាតិហឹរតិចៗ ដែលអាចជួយកាត់ក្លិនឆ្អាប និងបន្ថែមឱជារសដល់ម្ហូបអាហារ។

យ៉ាងណាមិញ ជីរដែលមានស្លឹកតូចៗវែងៗនេះ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលមនុស្សជាច្រើនមើលរំលង។
១. កាត់បន្ថយអាការតឹងពោះ
នៅក្នុងជីរពងទាកូនមានប្រេងឆ្ងុយពីធម្មជាតិ ដែលជួយរំញោចដល់ការកន្ត្រាក់នៃពោះវៀន។ អ្នកដែលញ៉ាំអាហារខ្លាញ់ៗ ឬរបស់បំពងហើយមានអារម្មណ៍តឹងពោះ គួរសាកល្បងញ៉ាំជីរពងទាកូនស្រស់ ២-៣ សន្លឹកក្រោយអាហារ នឹងអាចជួយបំបាត់អាការនេះបានច្រើន។
២. ជួយព្យាបាលជំងឺផ្ដាសាយ

សម្រាប់អ្នកមិនស្រួលខ្លួន ឬតឹងច្រមុះដោយសារផ្ដាសាយ អាចសាកល្បងយកជីរពងទាកូនមកស្ងោរ ដើម្បីបរិភោគទឹក។ ក្លិនក្រអូបរបស់ជីមួយប្រភេទនេះនឹងជួយឱ្យស្រឡះច្រមុះ និងសម្រាលអាការមិនស្រួលខ្លួនពីការផ្ដាសាយ។
៣. កាត់បន្ថយក្លិនមាត់
ជីរពងទាកូនមិនត្រឹមតែអាចជួយកាត់បន្ថយក្លិនមិនល្អដែលចេញពីអាហារប៉ុណ្ណោះទេ។ ទន្ទឹមគ្នានេះ វាក៏មានសារធាតុប្រឆាំងបាក់តេរីខ្សោយៗមួយចំនួន ដែលអាចជួយកាត់បន្ថយក្លិនមាត់ និងធ្វើឱ្យខ្យល់ដង្ហើមប្រសើរជាងមុន។
៤. ល្អចំពោះប្រព័ន្ធឈាម និងបេះដូង
ជីរពងទាកូនមានផ្ទុកសារធាតុ Flavonoids ដែលមានប្រសិទ្ធភាពប្រឆាំងរ៉ាឌីកាល់សេរី ដែលមានចំណែកជួយដល់ការរត់នៃចរន្តឈាម និងមុខងារសរសៃឈាមបេះដូងទាំងមូល។
៥. ជួយរំលាយសាច់

ការទទួលទានជីរពងទាកូនមិនមែនគ្រាន់តែដើម្បីរសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានមុខងារជួយរំញោចទឹកអាស៊ីដក្នុងក្រពះ ដើម្បីឱ្យការរំលាយសាច់បានងាយស្រួលជាងមុនផងដែរ។
ចំណុចគួរប្រុងប្រយ័ត្ន
កុំញ៉ាំច្រើនហួសប្រមាណ៖ ជាតិប្រេងក្នុងជីរពងទាកូនមានឥទ្ធិពលខ្លាំង ដែលអាចធ្វើឱ្យមនុស្សមួយចំនួនមានអាការរមាស់ក ឬឈឺក្បាលតិចតួច ក្រោយបរិភោគ។
ស្ត្រីមានផ្ទៃពោះគួរចៀសវាង៖ បច្ចុប្បន្ននេះ នៅមិនទាន់មានទិន្នន័យថា តើការបរិភោគបរិមាណប៉ុណ្ណាទើបមានសុវត្ថិភាពទេ។ ដូច្នេះ ស្រ្តីមានផ្ទៃពោះគួរចៀសវាងការបរិភោគជីរមួយនេះ។
លាងសម្អាតដោយប្រុងប្រយ័ត្ន៖ ជាទូទៅ ការប្រមូលផលជីរពងទាកូនគឺ ប្រមូលទាំងដើមដែលភាគច្រើនមានកម្ពស់ទាបៗ។ គួបផ្សំនឹងការបរិភោគឆៅទៀតនោះ អ្នកគួរលាងសម្អាតដោយប្រុងប្រយ័ត្នដើម្បីការពារពីសត្វល្អិត និងមេរោគនានា។
ជីរពងទាកូន ប្រៀបដូចជាឱសថបុរាណមួយដូចគ្នាដែរ។ វាមិនមែនត្រឹមតែជាបន្លែអន្លក់ធម្មតានោះទេ ប៉ុន្តែជាឱសថធម្មជាតិដែលកប់ខ្លួននៅក្នុងអាហារជាមួយនឹងអត្ថប្រយោជន៍ច្រើន តែមានតម្លៃទាប និងងាយស្រួលរកទិញ៕

























