១៤ កុម្ភៈ ជាថ្ងៃនៃក្ដីស្រលាញ់ ដែលយុវវ័យភាគច្រើនតែងហៅថា ទិវានៃក្ដីស្រលាញ់។ ជាមួយគ្នា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញមកអំពាវនាវក្រើនរម្លឹកទៅដល់យុវជនឱ្យបានយល់កាន់តែច្បាស់អំពីអត្ថន័យនៃថ្ងៃមួយនេះ។

ពិតណាស់ ទិវានៃក្តីស្រឡាញ់ បានកំពុងជះឥទ្ធិពល ក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយបានប្រើប្រាស់ទិវានេះជាឱកាសក្នុងការធ្វើសកម្មភាពនានា ដើម្បីបង្ហាញមនោសញ្ចេតនា ការស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ជាដើម។
ការរៀបចំបង្ហាញក្ដីស្រលាញ់ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។ ប៉ុន្តែ យុវជនមួយចំនួនតូច នៅតែបន្តយល់ខុសពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់នេះ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួនដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ ផងដែរ។
ដើម្បីរក្សាបាននូវតម្លៃ ក្រសួងក៏បានអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជាពិសេសយុវជន ចូលរួមផ្សព្វផ្សាយ និងយល់ដឹងឱ្យបានច្បាស់អំពីគោលដៅក្នុងការប្រើប្រាស់ទិវាមួយនេះក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការនៃការចែករំលែកនូវក្ដីស្រលាញ់ប្រកបដោយភាពថ្លៃថ្នូរ៕
រូបភាព ៖ ក្រសួងវប្បធម៌
























