បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបត្យកម្ម​ផ្សារ​ភ្ជាប់​ប្រវត្តិសាស្ត្រ! ប្រាសាទភិមាន​អាកាស ធ្លាប់ជាកន្លែង «នាង​នាគ​ក្បាល​៩» រស់នៅ និងទីតម្កល់ សិវ​លិង្គ​មាស

ស្ថាបត្យកម្ម​ផ្សារ​ភ្ជាប់​ប្រវត្តិសាស្ត្រ! ប្រាសាទភិមាន​អាកាស ធ្លាប់ជាកន្លែង «នាង​នាគ​ក្បាល​៩» រស់នៅ និងទីតម្កល់ សិវ​លិង្គ​មាស

ជីវ តាក្វាន់ ជា​បេសកជន​ចិន​ដែល​បាន​មក​ដល់​ក្រុង​អង្គរ នា​ចុង​សតវត្ស​រ៌ទី១៣។ ក្នុង​កំណត់ត្រា​របស់​បេសកជន​ចិនរូប​នេះ​បាន​បង្ហាញ​ប្រាប់​ថា​ប្រាសាទ ភិមាន​អាកាស គឺ​ជា​កន្លែង​តម្កល់​សិវ​លិង្គ​មាស និង​ទី «នាង​នាគ​ក្បាល​៩» រស់​នៅ។

Advertisement

បើ​និយាយ​អំពី​ស្ថាបត្យកម្ម​សម័យ​បុរាណ ហើយ​ស្ថិត​ចំ​កណ្ដាល​បរិវេណ​នៃ​រាជវាំង​បុរាណ ក្នុង​រាជធានី​អង្គរ ខេត្ត​សៀមរាប អ្នក​ប្រាកដ​ជា​នឹក​ឃើញ​ប្រាសាទ ភិមាន​អាកាស។ ក្នុងប្រវត្តិសាស្ត្រខ្មែរ ប្រាសាទនេះមិនត្រឹមតែជាសំណង់សក្ការបូជាដ៏ស័ក្តិសិទ្ធិប៉ុណ្ណោះទេ ថែមទាំងជាទីតាំងដែលជាប់ពាក់ព័ន្ធនឹងជំនឿនៃកំណើតពូជពង្សខ្មែរទៀតផង។

លក្ខណៈពិសេសមួយដែលធ្វើឱ្យប្រាសាទភិមានអាកាសមានភាពល្បីល្បាញ គឺរឿងរ៉ាវទាក់ទងនឹងជំនឿការពារព្រះនគរ។ តាមកំណត់ត្រារបស់លោក ជីវ តាក្វាន់ ដដែលបានរៀបរាប់ថា នៅលើកំពូលតួមាសនៃប្រាសាទនេះ គឺជាកន្លែងតម្កល់សិវលិង្គមាស និងជាទីកន្លែងដែល «នាងនាគក្បាលប្រាំបួន» រស់នៅ។ តាមការនិទានតៗគ្នា ជារៀងរាល់យប់ នាងនាគតែងតែកាឡាខ្លួនជាស្រ្តីដ៏ស្រស់ស្អាតម្នាក់ ហើយព្រះមហាក្សត្រខ្មែរត្រូវតែយាងឡើងទៅកាន់ទីនោះ ដើម្បីរួមមេត្រីជាមួយនាងនាគជាមុនសិន ទើបអាចយាងទៅសម្រាកជាមួយមហេសី ឬស្នំដទៃទៀតបាន។ ជំនឿបុរាណនេះសង្កត់ធ្ងន់ថា បើថ្ងៃណាមួយនាងនាគមិនបង្ហាញខ្លួន ឬព្រះរាជាខកខានមិនបានយាងទៅជួបព្រះនាង នោះជាបង្ហាញថាព្រះនគរនឹងត្រូវជួបគ្រោះភ័យជាពុំខាន។

ក្រៅពីជាកន្លែងសក្ការបូជាតាមបែបព្រហ្មញ្ញសាសនា ភិមានអាកាសគឺជាប្រាសាទជាទីសក្ការៈផ្ទាល់របស់ព្រះមហាក្សត្រអង្គរ។ នៅជុំវិញប្រាសាទនេះ ក៏មានសំណង់បុរាណសំខាន់ៗផ្សេងទៀត ដូចជា ស្រះស្រីនិងស្រះប្រុស និងសំណង់ផ្សេងៗជាច្រើនទៀត។

ប្រាសាទភិមានអាកាស បានចាប់ផ្ដើមកសាងឡើងនៅចុងសតវត្សរ៌ទី១០ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវម៌្មទី២ និងត្រូវបានបញ្ចប់ជាស្ថាពរនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវម៌្មទី១។ ប្រាសាទនេះសាងសង់ឡើងតាមរចនាបថឃ្លាំង ដែលមានរូបរាងជាសាជីថ្នាក់ៗ តំណាងឱ្យ «ភ្នំព្រះសុមេរុ» ដែលជាទីស្នាក់អាស្រ័យរបស់ពួកទេវតាក្នុងព្រហ្មញ្ញសាសនា។ ពាក្យថា «ភិមានអាកាស» មានប្រភពមកពីភាសាសំស្ក្រឹត៖ «វិមាន» ប្រែថា លំនៅឋានរបស់ទេវតា និង «អាកាស» ប្រែថា មេឃ ឬលំហ ដែលមានន័យថា «វិមានដែលអណ្តែតខ្ពស់ត្រដែតលើអាកាស» ឬ «វិមានសួគ៌»។

ជាសំណង់មានលក្ខណៈស្ថាបត្យកម្មដ៏ឆ្នើមក្នុងទម្រង់ជា «ប្រាសាទភ្នំ» តំណាងឱ្យចក្រវាឡ។ ភិមានអាកាសមានរចនាសម្ព័ន្ធរាងសាជី ៣ ថ្នាក់ កសាងឡើងដោយប្រើថ្មបាយក្រៀមជាគ្រឹះយ៉ាងរឹងមាំ និងមានថ្នាក់ខាងលើបង្អស់ធ្វើអំពីថ្មភក់។ នៅតាមជ្រុងនីមួយៗនៃថ្នាក់ទាំងបី មានតម្កល់រូបចម្លាក់ដំរីយ៉ាងប្រណីត។ ចំណែកឯជណ្តើរឡើងទាំង ៤ ទិស មានភាពចោតខ្លាំង និងលម្អដោយរូបចម្លាក់តោឈរយាមយ៉ាងអង់អាចនៅតាមថ្នាក់នីមួយៗ។

បច្ចុប្បន្ន បរិវេណព្រះបរមរាជវាំងបុរាណ និងប្រាសាទភិមានអាកាស គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ភ្ញៀវទេសចរអាចដើរឆ្លងកាត់ទីធ្លាដ៏ស្ងប់ស្ងាត់ជ្រងំ លាក់ខ្លួនក្រោមម្លប់ឈើធំៗ ឆ្ពោះទៅកាន់ព្រះលានជល់ដំរី និងព្រះលានស្ដេចគម្លង់ ដែលស្ថិតនៅក្បែរនោះ ដើម្បីស្វែងយល់បន្ថែមពីភាពអស្ចារ្យនៃរាជធានីអង្គរធំនាអតីតកាល៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា