ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការជាសួនសាធារណៈ ជូនសាធារណជនចូលទស្សនា កម្សាន្ត ហាត់ប្រាណ និងលេងកីឡា ដោយឥតគិតថ្លៃ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការជាសួនសាធារណៈ ជូនសាធារណជនចូលទស្សនា កម្សាន្ត ហាត់ប្រាណ និងលេងកីឡា ដោយឥតគិតថ្លៃ។

ការបើកសាកល្បងនេះមានរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ម៉ោង ៥ ព្រឹក ដល់ម៉ោង ៩ យប់។ សាធារណជនអាចចូលទស្សនាតំបន់ និងអគារជាច្រើនរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលប៉មនេះកសាងឡើងក្នុងអំឡុងទសវត្សរ៍ ១៩៥០ តំបន់ជុំវិញអគារចេញចូលអ្នកដំណើរ VIP, ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់យន្តហោះ ( Runway) ដែលសុទ្ធ សឹងជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
បន្ថែម រដ្ឋាភិបាល ក៏មានការតុបតែងលម្អនៅតំបន់មួយចំនួននិងដាក់បដាអមដោយរូបភាពល្បែងប្រពៃណីជាតិខ្មែរ ក្នុងបរិវេណប្រលានយន្តហោះនេះផងដែរ។ សម្រាប់ពលរដ្ឋដែលចូលកម្សាន្តដោយថ្មើរជើង អាចចេញចូលតាមច្រក VIP ត្រង់ចំណុចលេខ១។ រីឯពលរដ្ឋចូលកម្សាន្តដោយឡាន ម៉ូតូ និងកង់ ចូលតាមច្រកអគារ Terminal (ចំណុចលេខ៣) និងចេញតាមច្រកអគារ Terminal (ចំណុចលេខ២)។ តម្លៃសំបុត្រម៉ូតូ ១ពាន់រៀល , ឡាន ២ពាន់រៀល និងកង់ឥតគិតថ្លៃ។
តាមរយៈសេក្ដីជូនដំណឹងខាងលើ សូមអាពាវនាវដល់សាធារជនទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ក្នុងការអញ្ជើញមកទស្សនា កម្សាន្ត ក៏ដូចជាហាត់ប្រាណ ហាត់កីឡាសុខភាពផ្សេងៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមទាញយកផែនទីនៃទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ខាងក្រោម៖



រូបភាព ៖ ឯកសារមន្ត្រីសាធារណៈ
