ប្រាសាទសួរព្រ័ត្រ ឬប្រាសាទនាង១២ ជាទីកាត់ក្ដីតាមជំនឿ និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ ។ ប្រាសាទនេះមានសំណង់ចំនួន១២ ដែលមានរចនាបថប្លែកពីគេ និងមានចម្ងល់សង្ស័យជាច្រើនក្នុងរង្វង់អ្នកសិក្សាប្រវត្តិសាស្ត្រ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ទោះបីជាគ្មានសិលាចារឹកណាមួយចារទុកអំពីឈ្មោះដើម ឬកាលបរិច្ឆេទសាងសង់ច្បាស់លាស់ក៏ដោយ ប៉ុន្តែតាមរយៈការសិក្សាវិភាគតាមកំណត់ត្រាបុរាណ ជាតិពន្ធុវិទ្យា និងការស្រាវជ្រាវបុរាណវិទ្យាសម័យទំនើប និងតាមរយៈការផ្ទៀងផ្ទាត់គ្នារវាងកំណត់ហេតុប្រវត្តិសាស្ត្រ ជំនឿរបស់អ្នកស្រុក និងការសន្និដ្ឋានរបស់អ្នកបុរាណវិទ្យា ប្រាសាទសួរព្រ័តប្រហែលជាមានមុខងារសំខាន់ៗពីរ ខុសប្លែកពីប្រាសាទផ្សេងៗ។
មុខងារទីមួយ គឺទំនងជាទីតម្កល់ទេវរូប ឬវត្ថុស័ក្តិសិទ្ធិដែលតំណាងឱ្យអំណាចនៃរដ្ឋចំណុះ ឬខេត្ត-ក្រុងចំនួន១២ ក្នុងរង្វង់រាជមណ្ឌលនៃចក្រភពខ្មែរ។ មុខងារនេះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងប្រពៃណីរបស់ខ្មែរ ដែលសម័យក្រោយមក យើងហៅថា «បុណ្យតាំងតុ»។ នៅក្នុងពិធីនោះ ព្រះរាជាអង្គរបានតម្រូវឱ្យបណ្ដាសមន្តរាជ ឬស្ដេចត្រាញ់ដែលគ្រប់គ្រងតាមតំបន់ចំណុះ ធ្វើដំណើរមកកាន់រាជធានីអង្គរ ដើម្បីនាំយកនូវសួយសារអាករ និងភស្តុភារនានាមកថ្វាយព្រះមហាក្សត្រគង់នៅអង្គរ ដែលជាទំនៀមទាក់ទងនឹង «សួយសារអាករ ឬដង្វាយភក្តីភាព»។
ពិធីបុណ្យតាំងតុ មានកត់ត្រាទុកក្នុងឯកសារជាច្រើន ពិធីនេះគេឃើញមាននៅក្នុងសម័យលង្វែក ក្រោមការផ្ដួចផ្ដើមរបស់ព្រះចន្ទរាជា។ ពិធីបុណ្យតាំងតុ ជាពិធីដាក់តាំងបង្ហាញផលិតផលដែលខ្មែរមានឱ្យមហាជនបានឃើញក្នុងរាជធានី ពោលនៅទីដែលព្រះរាជាគង់នៅ។
ក្រៅពីនេះ ប្រាសាទសួរព្រ័តក៏មានមុខងារជា «ទីកាត់សេចក្ដីតាមជំនឿ» ដែលជានីតិវិធីរកយុត្តិធម៌មួយ ក្នុងប្រព័ន្ធតុលាការខ្មែរបុរាណផងដែរ។ នៅក្នុងសៀវភៅ «កំណត់ហេតុអំពីប្រពៃណីនៃអ្នកស្រុកចេនឡា» របស់លោក ជីវ តាក្វាន់ បេសកជនការទូតចិន ដែលបានមកដល់អង្គរក្នុងឆ្នាំ១២៩៦ លោកបានកត់ត្រានូវវិធិសាស្ត្ររកយុត្តិធម៌ដ៏ចម្លែកមួយនៅទីនេះថា៖ កាលណាមានវិវាទរវាងបុគ្គលពីរនាក់ ដែលចៅក្រមមិនអាចរកខុសត្រូវឃើញ គេនឹងឱ្យគូភាគីទាំងពីរទៅអង្គុយនៅក្នុងតួប្រាសាទម្នាក់មួយ ដោយមានសាច់ញាតិយាមកាមយ៉ាងតឹងរ៉ឹងពីខាងក្រៅ។ បន្ទាប់ពីស្នាក់នៅបាន ៣ ទៅ ៤ ថ្ងៃ ប្រសិនបើភាគីណាមួយកើតមានជំងឺតម្កាត់ភ្លាមៗ ដូចជាគ្រុនក្ដៅ ក្អក ឬចេញកមរមាស់ នោះគេជឿថាទេវតាដាក់ទណ្ឌកម្ម ហើយអ្នកនោះត្រូវចាញ់ក្ដីភ្លាមៗ។ ចំណែកអ្នកដែលមានសុខភាពល្អធម្មតា ត្រូវបានចាត់ទុកថាជាអ្នកស្មោះត្រង់ និងឈ្នះក្ដីដោយសារបារមីទេវតាតាមថែរក្សា។
ដោយឡែក ក្រៅពីទិដ្ឋភាពប្រវត្តិសាស្ត្រ អ្នកស្រុកខ្លះហៅទីនេះថា «ប្រាសាទនាង១២» ដោយផ្សារភ្ជាប់ទៅនឹងរឿងព្រេងខ្មែរដ៏ល្បីល្បាញគឺ រឿងភ្នំនាងកង្រី ឬនាង១២ ដោយយល់ថាជាកន្លែងដែលយក្ខិនីសន្ធមារ បានយកនាងទាំង១២នាក់មកឃុំឃាំង និងដកយកកែវភ្នែកទុក។
បញ្ចាក់ផងដែរថា ប្រាសាទសួរព្រ័ត្រ ឬប្រាសាទនាង១២ ស្ថិតនៅប៉ែកខាងកើតនៃទីលានជល់ដំរី ក្នុងក្រុងអង្គរធំ សាងសង់ឡើងពីថ្មបាយក្រៀមពណ៌ក្រហមឆ្អៅ និងលាយថ្មភក់ខ្លះតាមរចនាសម្ព័ន្ធលម្អ៕
រូបភាព ៖ អាជ្ញាធរជាតិអប្សរា