ម្ទេសប្លោក គឺជាបន្លែមួយមុខដែលមានរសជាតិផ្អែមឆ្ងាញ់ ថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនមិនធម្មតាផងដែរ។ ដោយឡែក ម្ទេសប្លោកនេះ មានច្រើនពណ៌ឱ្យជ្រើសរើសមិនថា បៃតង លឿង និងក្រហម ខណៈមួយពណ៌ៗក៏មានអត្ថប្រយោជន៍រៀងៗខ្លួន។

តើម្ទេសប្លោក បៃតង ក្រហម និងលឿងមានគុណសម្បត្តិខុសប្លែកគ្នាបែបណាខ្លះ? ហើយពណ៌មួយណាមានអត្ថប្រយោជន៍ពិសេសជាងគេ?
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ម្ទេសប្លោកទាំង ៣ពណ៌ ដោយផ្អែកតាមគេហទំព័រ Health Shots ៖
អត្ថប្រយោជន៍នៃម្ទេសប្លោកពណ៌បៃតង

ម្ទេសប្លោកពណ៌បៃតង គឺជាប្រភេទដែលគេនិយមប្រើប្រាស់បំផុត។ វាមានពណ៌ស្អាត និងរសជាតិស្រាល ហើយផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន។ ជាក់ស្ដែង អត្ថប្រយោជន៍របស់ម្ទេសប្លែកពណ៌បៃតង រួមមាន៖
វីតាមីន C៖ មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ និងការបង្កើតកូឡាជែន។
វីតាមីន K និង A៖ ជួយដល់សុខភាពឆ្អឹង បេះដូង ភ្នែក និងស្បែក។
សារធាតុផ្សេងទៀត៖ មានផ្ទុកអាស៊ីត Folate (វីតាមីន B9) ដែលជួយដល់ការបែងចែកកោសិកា និងការសំយោគ DNA និងប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។
សុខភាពភ្នែក៖ ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Lutein និង Zeaxanthin ដែលអាចការពារពីការចុះខ្សោយសមត្ថភាពរបស់ភ្នែកទៅតាមវ័យ (Macular Degeneration)។
ប្រព័ន្ធរំលាយអាហារ៖ មានជាតិសរសៃខ្ពស់អាចការពារជំងឺមហារីកពោះវៀនធំ និងជំងឺរលាកពោះវៀន (IBD)។
អត្ថប្រយោជន៍នៃម្ទេសប្លោកពណ៌ក្រហម

ម្ទេសប្លោកពណ៌ក្រហមមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារធាតុចិញ្ចឹមខ្ពស់បំផុតដែរ ដូចជា៖
សម្រកទម្ងន់៖ ម្ទេសប្លោកក្រហមមិនមានផ្ទុកជាតិខ្លាញ់មិនល្អនោះទេ ថែមទាំងមានកាឡូរីទាបបំផុតផងដែរ។
សុខភាពខួរក្បាល៖ មានវីតាមីន B6 ដែលជួយដល់មុខងារខួរក្បាល។
វីតាមីន C៖ មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ និងការបង្កើតកូឡាជែន។ វីតាមីន C ក្នុងម្ទេសប្លោកក្រហមក៏អាចជួយកាត់បន្ថយការឈឺចាប់ត្រង់ជង្គង់ដែលបណ្តាលមកពីជំងឺរលាកសន្លាក់ដែរ។
សារធាតុផ្សេងៗ៖ មានផ្ទុកអាស៊ីត Folate (វីតាមីន B9) ដែលជួយដល់ការសំយោគ DNA និងប៉ូតាស្យូមដែលជួយដល់សុខភាពបេះដូង។
សារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង៖ សម្បូរទៅដោយ Beta-carotene និង Lycopene ដែលជួយបង្កើនភាពស៊ាំ កាត់បន្ថយការរលាក និងហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូង។
អត្ថប្រយោជន៍នៃម្ទេសប្លោកពណ៌លឿង

ម្ទេសប្លោកពណ៌លឿងមានពណ៌ប្លែក ហើយក៏សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូចជា៖
វីតាមីន C, A និង B6៖ មានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ សុខភាពភ្នែក និងមុខងារខួរក្បាល។
មុខងារកោសិកា៖ ផ្ដល់សារធាតុរ៉ែដូចជា ប៉ូតាស្យូម និងអាស៊ីត Folate ដែលជួយដល់សុខភាពបេះដូង និងមុខងារកោសិកា។
ប្រឆាំងការទល់លាមក៖ ជាប្រភពនៃជាតិសរសៃដ៏ល្អ ដែលអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ និងការពារការទល់លាមក។
ប្រឆាំងការរលាក៖ មានផ្ទុកសារធាតុ Carotene ដែលប្រឆាំងការរលាក ជួយការពារកោសិកាពីការខូចខាត និងការពារជំងឺផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងជាដើម។
តើម្ទេសប្លោកពណ៌ណាដែលល្អបំផុត?

ទោះបីជាម្ទេសប្លោកពណ៌បៃតង ក្រហម និងលឿង គឺជាផ្លែដែលកើតចេញពីដើមតែមួយ និងសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពក៏ដោយ ប៉ុន្តែម្ទេសប្លោកពណ៌ក្រហម គឺជាម្ទេសប្លោកដែលគេចាត់ទុកថា ជាជម្រើសល្អបំផុត។ នេះដោយសារតែម្ទេសប្លោកពណ៌ក្រហម គឺបានទុំពេញលេញនៅលើដើម នាំឱ្យវាមានរសជាតិផ្អែម និងសារធាតុចិញ្ចឹមខ្ពស់បំផុត។
ជារួម ម្ទេសប្លោកទាំងបីពណ៌សុទ្ធតែមានសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៍សុខភាពប្លែកៗពីគ្នា។ ការបញ្ចូលពណ៌ចម្រុះទៅក្នុងរបបអាហាររបស់អ្នក គឺជាជម្រើសល្អក្នុងការទទួលបានសារធាតុចិញ្ចឹមចម្រុះ ក៏ដូចជាបង្កើនសម្រស់ដល់ចានអាហារផងដែរ៕
























