តើអ្នកធ្លាប់សួរខ្លួនឯងទេថា “ហេតុអ្វីបានជាមនុស្សដែលយើងស្រឡាញ់ បែរជាត្រូវចាកចេញពីជីវិតយើង?” ពេលខ្លះ ចម្លើយមិនមែនស្ថិតនៅលើថា អ្នកណាខុស អ្នកណាត្រូវ ឬស្នេហាមួយនោះបរាជ័យនោះទេ ប៉ុន្តែវាអាចមកពីមនុស្សមួយចំនួនមិនបានចូលមកក្នុងជីវិតរបស់យើងដើម្បីរស់នៅជាមួយយើងជារៀងរហូតទេ។ គេប្រហែលជាចូលមកគ្រាន់តែដើម្បីបង្រៀនអ្វីមួយឱ្យយើង ក្នុងមួយរយៈពេលតែប៉ុណ្ណោះ។
ទ្រឹស្តី Attachment Theory របស់លោក John Bowlby បានពន្យល់ថា ទំនាក់ទំនងដែលយើងបង្កើតឡើងជាមួយមនុស្សម្នា តែងតែឆ្លុះបញ្ចាំងពីតម្រូវការ ភាពខ្លាចរអា ឬរបួសស្នាមអ្វីមួយដែលលាក់កប់ជ្រៅនៅក្នុងខ្លួនយើង។
មនុស្សដែលយើងជ្រើសរើសស្រឡាញ់ មិនមែនគ្រាន់តែជាមនុស្សម្នាក់នោះទេ ប៉ុន្តែគឺជាកញ្ចក់ឆ្លុះបញ្ចាំងដែលធ្វើឱ្យយើងមើលឃើញខ្លួនឯងនៅក្នុងជ្រុងមួយផ្សេងទៀត ហើយនោះប្រហែលជាមូលហេតុដែលធ្វើឱ្យការបាត់បង់មានការឈឺចាប់ខ្លាំង។ ប៉ុន្តែ អ្វីដែលសំខាន់ គឺជីវិតបន្ទាប់ពីនោះ។
នៅក្នុងចិត្តវិទ្យា មានគោលគំនិត Post-Traumatic Growth ដែលនិយាយពីការលូតលាស់បន្ទាប់ពីប្រឈមមុខនឹងការបាត់បង់អ្វីមួយ។ គោលគំនិតនេះ បានបង្ហាញឱ្យឃើញថា មនុស្សជាច្រើនបានរកឃើញភាពរឹងមាំនៅក្នុងខ្លួនឯងកាន់តែច្បាស់ បន្ទាប់ពីការបែកបាក់ស្នេហា។ ពួកគេយល់ពីខ្លួនឯងកាន់តែច្បាស់ មើលឃើញពីតម្លៃនៃជីវិតកាន់តែច្រើន និងដឹងថា ខ្លួនឯងត្រូវការទំនាក់ទំនងបែបណាយ៉ាងពិតប្រាកដ។ ពេលខ្លះ ការចាកចេញរបស់នរណាម្នាក់ ប្រៀបដូចជាការដែលយើងនាំខ្លួនឯងឱ្យមកជួបនឹងខ្លួនឯងម្ដងទៀត ដូច្នេះដែរ។
មនុស្សដែលធ្វើឱ្យយើងខូចចិត្តបំផុត អាចជាមនុស្សដែលបង្រៀនឱ្យយើងស្គាល់ពីព្រំដែនរបស់ខ្លួនឯង។ មនុស្សដែលចាកចេញទៅដោយគ្មានពាក្យពន្យល់ អាចធ្វើឱ្យយើងរៀនសូត្របានថា ភាពច្បាស់លាស់មានសារៈសំខាន់កម្រិតណា។ មនុស្សដែលស្រឡាញ់តែតែងតែធ្វើអ្វីមួយឱ្យយើងខកបំណង អាចធ្វើឱ្យយើងដឹងថា តើយើងគួរស្រឡាញ់ខ្លួនឯងយ៉ាងដូចម្តេច។
រឿងដែលសំខាន់មួយទៀត បន្ទាប់ពីបាត់បង់វត្តមាននរណាម្នាក់ចេញពីជីវិត មិនមែនជាការប្រញាប់បំភ្លេចមនុស្សម្នាក់នោះឱ្យបានលឿនបំផុតទេ ប៉ុន្តែគឺការសន្សឹមៗស្វែងយល់ពីអ្វីដែលបានកើតឡើង។ មនុស្សដែលចាត់ទុកការបាត់បង់អ្វីមួយជាការរៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯង តែងតែងើបឡើងវិញបានល្អជាងមនុស្សដែលព្យាយាមលាក់ទុកអារម្មណ៍ឈឺចាប់។
ពេលខ្លះ អ្វីដែលល្អបំផុតនៅពេលដែលស្នេហាមួយបានបញ្ចប់ មិនមែនជាការលុបវាចេញពីជីវិតនោះទេ ប៉ុន្តែគឺការទទួលយក និងរក្សាទុកមេរៀនដែលទទួលបាន ព្រោះបើទោះបីជា មនុស្សម្នាក់នោះមិនបាននៅជិតយើងដូចដើមក្ដី ប៉ុន្តែអ្វីដែលគេបានបន្សល់ទុក អាចជួយឱ្យយើងអាចបន្តលូតលាស់ទៅមុខបានកាន់តែល្អជាងមុន។
មនុស្សខ្លះចូលមកដើម្បីរស់នៅជាមួយយើង ហើយមនុស្សខ្លះចូលមកដើម្បីផ្លាស់ប្តូរយើង។ មិនថាក្នុងរូបភាពមួយណា ទំនាក់ទំនងទាំងពីរបែបនេះសុទ្ធសឹងតែមានតម្លៃជានិច្ច។ ដូចនេះ យើងមិនចាំបាច់លុបនរណាម្នាក់ចេញពីការចងចាំ ដើម្បីអាចបោះជំហានទៅមុខនោះទេ។ ពេលខ្លះ គ្រាន់តែទទួលស្គាល់ទៅលើគ្រប់រឿងរ៉ាវដែលធ្លាប់កើតឡើង ហើយរក្សាទុកមេរៀនដែលទទួលបាននៅនឹងខ្លួន គឺគ្រប់គ្រាន់ណាស់ទៅហើយ៕
Can This Love Be Translated? (L to R) Go Youn-jung as Cha Mu-hee / Do Ra-mi, Kim Seon-ho as Joo Ho-jin in Can This Love Be Translated? Cr. No Ju-han/Netflix © 2026