
ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ជួរភ្នំក្រវ៉ាញ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្នំព្រះ ឬ ខ្នងព្រះ គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជាគោលដៅដ៏ទាក់ទាញសម្រាប់ការដើរព្រៃ បោះតង់ និងផ្សងព្រេង។

ផ្អែកតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីទៅដល់ទីនោះយើងអាចធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវជាតិលេខ៥៥ ប្រមាណ១៥៣គីឡូម៉ែត្រ មកទីតាំងចាប់ផ្តើមឡើងភ្នំ គេហៅថាស្ទឹងកាច់។ រួចហើយ យើងអាចបន្តធ្វើ ដំណើរដោយថ្មើរជើងប្រមាណ៩គីឡូម៉ែត្រទៀត គិតពីជើងភ្នំឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល តោងខ្សែរឡើងចំណោត ព្រៃឈើក្រាស់…។
ធាតុអាកាសនៅលើភ្នំមានការប្រែប្រួលតាមរដូវកាល ពេលខ្លះមេឃស្រឡះ ចុះអ័ព្ទ ពពកក្រាស មេឃភ្លៀង។ ភ្នំព្រះ មានទេសភាពទាក់ទាញជាច្រើនដូចជា ព្រៃព្រឹក្សា កេសរកូល (ផ្កាព្រៃ) សត្វស្លាប សត្វព្រៃ ទឹកជ្រោះ និងរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។
បន្ថែមលើនោះពេលព្រឹក ភ្ញៀវទេសចរអាចមើលថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង ហើយពេលល្ងាច ក៏អាចគន់មើលថ្ងៃរៀបលិចលើភ្នំបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត។ ជាពិសេសពេលយប់ យើងអាចគេងបើកម៉ាស៊ីនត្រជាក់បែបធម្មជាតិមួយយប់ទល់ភ្លឺ ក្នុងអាកាសធាតុចាប់ពី ៩-១៥អង្សារ។
ទីតាំង៖ https://maps.app.goo.gl/x7b49CaHRSanxbjX8







📷រូបភាពៈ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា – ម៉ក់ ភារៈ
