នៅពេលនិយាយពី “ជីវិតគូ” ភាពស្មោះត្រង់ប្រហែលជារឿងមួយដែលភាគីទាំងសងខាងចង់បាន ព្រោះភាពស្មោះត្រង់នេះហើយដែលជួយឱ្យទំនាក់ទំនងរឹងមាំ និងបង្ហាញឱ្យឃើញថា ភាគីម្ខាងៗស្គាល់គ្នាបានច្បាស់កម្រិតណា ដើម្បីអាចទទួលយកនូវអ្វីដែលជាចរិតពិតរបស់ដៃគូ មិនថាល្អ ឬអាក្រក់។

ការបង្ហាញពីអត្តចរិតពីត រឿងដែលចូលចិត្ត និងមិនចូលចិត្ត គឺជាអ្វីដែលសំខាន់បំផុតក្នុងទំនាក់ទំនង ដើម្បីឱ្យភាគីទាំងពីរអាចសម្របខ្លួនជាមួយគ្នាបានតាំងពីដំបូង។ បើទៅមុខមិនរួច ក៏គ្រាន់តែលាគ្នាដើម្បីកុំឱ្យខាតពេលទាំងសងខាង។
យ៉ាងណាមិញ ជីវិតមនុស្សគឺស្មុគស្មាញជាងនេះ។ ជួនកាល យើងក៏ចង់រក្សារឿងរ៉ាវពីអតីតកាលសម្រាប់ខ្លួនឯងខ្លះដែរ ព្រោះមិនចង់ឱ្យម្ខាងទៀតមកដឹងឮហើយត្រូវពិបាកចិត្ត។ រឿងខ្លះ ក្រៅពីមិនជួយឱ្យអ្វីៗល្អប្រសើរជាងមុនហើយ វាថែមទាំងអាចបន្សល់ទុកនូវស្នាមរបួសក្នុងទំនាក់ទំនងទៀតផង។
នៅពេលដែលសេចក្តីស្រឡាញ់ត្រូវការទំនុកចិត្ត តើយើងគួរធ្វើដូចម្តេចចំពោះ “ការពិត” មួយចំនួនដែលអាចប៉ះពាល់ដល់ទំនាក់ទំនង? ប្រសិនបើមិននិយាយចេញទៅ តើមានន័យថាយើងមិនស្មោះត្រង់មែនទេ? ហើយនៅពេលដែលត្រូវនិយាយអ្វីដែលយើងចង់លាក់ទុក តើយើងគួរធ្វើដូចម្តេចដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ដៃគូ?
“មិនប្រាប់” មិនមែនមានន័យថា “មិនស្រឡាញ់”

ការសារភាពរឿងដែលម្ខាងទៀតមិនដែលដឹង បើមើលមួយភ្លែត វាហាក់ដូចជាការបង្ហាញភាពស្មោះត្រង់ថា យើងគ្មានអ្វីលាក់បាំង។ ប៉ុន្តែពេលខ្លះ ការប្រាប់គ្រប់យ៉ាង ក៏អាចធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍មិនល្អ ដែលត្រូវដឹងឮរឿងទាំងនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ ការរក្សារឿងខ្លះទុកសម្រាប់ខ្លួនឯង មិនមែនមានន័យថាយើងកំពុង “មិនស្មោះត្រង់” គ្រប់ពេលនោះទេ។ Jonathan Bennett អ្នកជំនាញខាងទំនាក់ទំនងបានលើកឡើងថា ប្រសិនបើការប្រាប់រឿងខ្លះមិនបានផ្តល់ប្រយោជន៍អ្វី ឬធ្វើឱ្យម្ខាងទៀតមានអារម្មណ៍មិនល្អ ការរក្សារឿងនោះទុកក្នុងចិត្តប្រហែលជាជម្រើសល្អជាង ព្រោះវាអាចជួយបង្ការពីបញ្ហារកាំរកូសក្នុងទំនាក់ទំនង។
រឿងខ្លះ ទោះនិយាយហើយមានបញ្ហា ក៏ត្រូវតែប្រាប់
ក្នុងទំនាក់ទំនងបែប Healthy Relationship ការមានរឿងផ្ទាល់ខ្លួន គឺជារឿងធម្មតាដែលកើតឡើងផ្អែកលើទំនុកចិត្ត។ ផ្ទុយទៅវិញ បើទំនាក់ទំនងណាមានអាថ៌កំបាំង ឬមានរឿងដែលត្រូវលាក់បាំងច្រើនជ្រុលពេក រហូតសាមីខ្លួនក៏មានអារម្មណ៍មិនស្រណុកចិត្ត នោះគឺជាសញ្ញានៃ Toxic Relationship។

ប្រសិនបើមិនប្រាកដថា រឿងដែលលាក់ទុកទាំងនោះនឹងប៉ះពាល់ដល់ទំនាក់ទំនងឬអត់ សូមសាកល្បងសួរខ្លួនឯងថា តើរឿងនេះប៉ះពាល់ដល់ទំនាក់ទំនងទេ? តើវាជារឿងដែលខុសពីអ្វីដែលធ្លាប់ព្រមព្រៀងជាមួយនឹងដៃគូទេ? តើការមិនប្រាប់រឿងនេះហើយ នឹងធ្វើឱ្យដៃគូបាត់បង់ទំនុកចិត្តដែរទេ?
បើចម្លើយ ស្របនឹងសំណួរនេះទាំងអស់ វាប្រហែលជាដល់ពេលដែលអ្នកត្រូវប្រាប់រឿងទាំងនេះហើយ។ គេហទំព័រ Verywell Mind បានណែនាំវិធីសាស្រ្តក្នុងការនិយាយទៅកាន់ដៃគូ ដោយមានដំណាក់កាលដូចខាងក្រោម៖
- ត្រៀមខ្លួនឱ្យរួចរាល់៖ អ្នកត្រូវទទួលស្គាល់ថាការនិយាយរឿងនេះអាចធ្វើឱ្យម្ខាងទៀតស្ត្រេស ឈឺចាប់ ឬខឹង។ ដូច្នេះ អ្នកត្រៀមខ្លួនទប់ទល់នឹងអ្វីដែលនឹងកើតឡើង។
- ជ្រើសរើសពេលវេលាសមស្រប៖ ពេលជិតចូលគេង ពេលដែលម្នាក់ទៀតកំពុងហត់ ឬទើបតែជួបរឿងស្ត្រេស មិនមែនជាពេលល្អសម្រាប់និយាយរឿងបែបនេះទេ។ អ្នកគួរនិយាយរឿងទាំងនោះ ពេលដៃគូមានអារម្មណ៍ល្អ និងមានពេលគ្រប់គ្រាន់សម្រាប់ស្ដាប់អ្នក។
- កុំរកលេសដោះសា៖ អ្នកគួរពន្យល់ពីហេតុផលដោយស្មោះត្រង់ថាមានអ្វីកើតឡើង ហើយកុំរកលេសដើម្បីការពារទង្វើរបស់ខ្លួនឯង។ ការនិយាយត្រង់ៗ គឺជាផ្លូវតែមួយគត់ដើម្បីទាញយកទំនុកចិត្តត្រឡប់មកវិញ៕






















