ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល ៤៤០ ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post នៅថ្ងៃទី១២ ខែមីនានេះ។
កុមារី Li Yue ដែលរស់នៅក្នុងខេត្ត Jiangxi បានទទួលប្រាក់អាំងប៉ាវជាង ៤៤ ០០០ យ័ន ប្រហែល ៦ ៤០០ ដុល្លារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ហើយនាងបានសម្រេចចិត្តយកប្រាក់នោះទៅវិនិយោគលើអាជីវកម្ម។ នាងយល់ថា ការយកប្រាក់ទៅផ្ញើនៅធនាគារ នឹងទទួលបានអត្រាការប្រាក់ទាបពេក ដែលមិនអាចទប់ទល់នឹងអតិផរណាបានឡើយ។
នៅពេលកំពុងធ្វើដំណើរទៅធនាគារ Li បានក្រឡេកឃើញហាងលក់សម្ភារសិក្សាមួយកំពុងដាក់លក់ ក៏សម្រេចចិត្តចាប់យកឱកាសនោះភ្លាម។ ទោះបីជាម្តាយរបស់នាងបានព្រមានអំពីហានិភ័យដែលអាចខាតបង់ក៏ដោយ ក៏ Li នៅតែមានការតាំងចិត្តខ្ពស់ ហើយបានប្រើប្រាស់ប្រាក់អាំងប៉ាវរបស់នាងដើម្បីទិញហាងនោះ។
ចន្លោះពេលវិស្សមកាល នាងបានទទួលខុសត្រូវលើការទិញទំនិញចូលស្តុក និងគ្រប់គ្រងអាជីវកម្មដោយផ្ទាល់។ ដោយឡែកនៅពេលបើកបវេសនកាលវិញ ក្នុងខែ មីនា នេះ Li បានជួលម្តាយរបស់នាងឱ្យមកលក់ជំនួសជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល ៤៤០ ដុល្លារអាមេរិក។ Li ជាអ្នកចរចាជាមួយអ្នកផ្គត់ផ្គង់ កំណត់តម្លៃទំនិញ និងធ្វើយុទ្ធសាស្ត្រទីផ្សារ ខណៈដែលម្តាយរបស់នាងជាអ្នកមើលការខុសត្រូវលើការលក់ដូរប្រចាំថ្ងៃ។
ជារៀងរាល់ព្រឹក Li បានទៅបើកហាង ត្រួតពិនិត្យទំនិញ រួចទើបទៅរៀន។ បន្ទាប់ពីចេញពីសាលា នាងបានមកធ្វើកិច្ចការផ្ទះនៅឯហាង មុននឹងជួយម្តាយរហូតដល់ម៉ោង ៨:៣០ នាទីយប់។ នាងថែមទាំងបានរៀនប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដើម្បីគ្រប់គ្រងការធ្វើបញ្ជីគណនេយ្យ និងបង្កើតសៀវភៅកត់ត្រាដែលងាយស្រួលមើលទៀតផង។
នៅពេលដែលចំណូលរបស់ហាងបានធ្លាក់ចុះកាលពីសប្តាហ៍មុន Li បានដាក់ចេញនូវវិធានការដោះស្រាយភ្លាមៗ។ Li បានលក់របស់របរតូចៗក្នុងតម្លៃត្រឹមតែ ១ យ័ន ដើម្បីទាក់ទាញសិស្សក្មេងៗ និងបានបញ្ចុះតម្លៃ ៥០ ភាគរយលើទំនិញដែលមានគុណភាពខ្ពស់ ដើម្បីទាក់ទាញមាតាបិតាដែលចូលចិត្តសន្សំសំចៃ។
យុទ្ធសាស្ត្រដ៏ក្លាហាននេះ បានហុចផលយ៉ាងឆាប់រហ័ស ដោយនាំមកនូវអតិថិជនយ៉ាងច្រើនចូលហាងរបស់ Li។ ទោះបីជាមិនបានបង្ហាញប្រាក់ចំណូលសរុប តែ Li បានប្រាប់ថា នាងទទួលបានដើមទុនត្រឡប់មកវិញហើយ។
ដោយដឹងថាការលក់សម្ភារសិក្សាប្រើប្រាស់ពេលវេលាច្រើនពេក ដែលប៉ះពាល់ដល់ការរៀនសូត្រ Li ក៏បានប្តូរមុខរបរមកលក់ចំណីអាហារវិញ។ ថ្មីៗនេះ នាងបានវិនិយោគលើឧបករណ៍ថ្មីៗ និងចាប់ផ្តើមលក់សាច់ក្រក និងភេសជ្ជៈ ខណៈកំពុងលក់បង្ហើយសម្ភារសិក្សាដែលនៅសល់។
Li បានបង្ហាញឆន្ទៈថា៖ “ខ្ញុំចង់ធ្វើជាម្ចាស់អាជីវកម្មដែលមានសីលធម៌។ ខ្ញុំសាកល្បងញ៉ាំគ្រប់មុខម្ហូបទាំងអស់មុនដាក់លក់ ដើម្បីប្រាកដថា វាមានរសជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាព”។
ម្តាយរបស់កុមារីវ័យ ១២ឆ្នាំរូបនេះជឿជាក់ថា បទពិសោធន៍ជាសហគ្រិនភាពនេះ បានផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃ។ គាត់បានប្រាប់សារព័ត៌មាន Jimu News ថា៖ “សកម្មភាពនេះហាក់បីដូចជាការបើកសាលាជំនួញមួយសម្រាប់រូបនាងផ្ទាល់អ៊ីចឹង”។
យ៉ាងណាមិញ លោកស្រីបញ្ជាក់ថា បើការបើកអាជីវកម្មនេះប៉ះពាល់ដល់ការសិក្សារបស់កូនស្រី លោកស្រីនឹងឈប់ភ្លាម។
រឿងរ៉ាវរបស់ Li បានក្លាយជាទីចាប់អារម្មណ៍នៅលើបណ្តាញសង្គមចិន ដោយមនុស្សម្នាក់បាននិយាយថា៖ “ភាពក្លាហាន ការអនុវត្ត និងចំណេះដឹងផ្នែកជំនួញរបស់ក្មេងស្រីម្នាក់នេះ គឺលើសពីអាយុរបស់នាងឆ្ងាយណាស់។ នាងច្បាស់ជាទទួលបានជោគជ័យជាមិនខាន”។
ចំណែកម្នាក់ទៀតបានសម្តែងការព្រួយបារម្ភថា៖ “ក្មេងមិនគួរចាប់ផ្តើមធ្វើជំនួញលឿនពេកនោះទេ។ ក្នុងវ័យ ១២ ឆ្នាំ Li គួរតែផ្ដោតលើការសិក្សា និងប្រើជីវិតដូចក្មេងដទៃ”៕
VIDEO