យោងតាមសារព័ត៌មាន Jiupai News សួនសត្វ Luohe Wildlife Zoo ដែលមានទីតាំងនៅក្នុងទីក្រុង Luohe ខេត្ត Henan បានបង្ហោះសេចក្ដីប្រកាសជ្រើសរើសបុគ្គលិកនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ដើម្បីស្វែងរកមនុស្សមកស្លៀកឈុតខ្លាឃ្មុំខ្មៅ ឱ្យមកដើរលេងក្នុងសួនសត្វ និងលេងជាមួយភ្ញៀវទេសចរ។
ការងារដែលមានប្រាក់ខែប្រចាំឆ្នាំចំនួន ១សែនយ៉ន់ ឬប្រមាណ ១៤ ៧០០ដុល្លារអាមេរិកនេះ មិនបានកំណត់ភេទសម្រាប់អ្នកដាក់ពាក្យនោះទេ ប៉ុន្តែទាមទារឱ្យបេក្ខជនមានសុខភាពល្អ និងមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើងទៅ។
នៅក្នុងសេចក្ដីប្រកាសតែមួយ បានបញ្ជាក់ថា តំណែងនេះតម្រូវឱ្យធ្វើការ ៦ម៉ោងក្នុងមួយថ្ងៃ និងមានថ្ងៃឈប់សម្រាកចំនួន ៤ ថ្ងៃក្នុងមួយខែ។
សួនសត្វខាងលើបានបញ្ជាក់ថា នៅពេលលេងជាមួយភ្ញៀវទេសចរ “អ្នកធ្វើពុតជាខ្លាឃ្មុំ” អាចបន្លឺតែសំឡេងគ្រហឹមប៉ុណ្ណោះ និងមិនត្រូវបានអនុញ្ញាតឱ្យនិយាយស្តីឡើយ លើកលែងតែក្នុងករណីដែលត្រូវការជំនួយ ឬមានអាសន្នផ្សេងៗកើតឡើង។
នៅក្នុងសេចក្ដីប្រកាសដដែលនោះបានបញ្ជាក់ថា៖ “វាជាមុខតំណែងដែលមានសេរីភាពបំផុតនៅក្នុងតំបន់របស់យើង។ បើអ្នកហត់ អ្នកគ្រាន់តែដេករនៀលទៅ។ បើអ្នកមានកម្លាំង អ្នកអាចលោត រាំ ឡើងដើមឈើ ឬសូម្បីតែចាប់ត្រីផងដែរ។ ធ្វើអ្វីក៏បានឱ្យតែអ្នកមានអារម្មណ៍ថាមានផាសុកភាព”។
សេចក្ដីប្រកាសនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ដោយសួនសត្វ Luohe Wildlife Zoo បានឱ្យដឹងថា ខ្លួនបានទទួលបុគ្គលិកតាមចំនួនដែលត្រូវការរួចរាល់ហើយ ខណៈមានបេក្ខជនដាក់ពាក្យជាង ១០០នាក់។
អ្នកតំណាងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន New Weekly ថា អ្នកដែលទទួលបានភាពល្បីល្បាញលើបណ្តាញសង្គម អាចនឹងរកចំណូលបានច្រើនជាងប្រាក់ខែគោល ១០០ ០០០ យ៉ន់ ក្នុងមួយឆ្នាំទៅទៀត។
អ្នកតំណាងរូបនេះបាននិយាយទៀតថា៖ “នេះជាឱកាសការងារដ៏ប្លែកមួយសម្រាប់យុវជន ហើយក៏ជួយឱ្យសួនសត្វរបស់យើងស្វែងរកចំណូលតាមវិធីសាស្ត្រថ្មីៗផងដែរ”។
គួរឱ្យដឹងដែរថា Luohe Wildlife Zoo គឺសួនសត្វដែលទទួលបានការវិនិយោគពីរដ្ឋាភិបាលក្នុងតំបន់ ដោយបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ កាលពីដើមខែ ឧសភា កន្លងទៅនេះ៕