យោងតាមការចុះផ្សាយរបស់ The Korea Times នៅថ្ងៃទី ៥ ខែមិថុនា នេះ ADOR បានកាត់បន្ថយចំនួនទឹកប្រាក់នៃការទាមទារសំណងជំងឺចិត្ត ក្នុងបណ្ដឹងប្រឆាំងនឹង Danielle អតីតនាយកប្រតិបត្តិ Min Hee-jin និងសមាជិកគ្រួសារតារាស្រីរូបនេះ ពីចំនួន ៤៣.១ ពាន់លានវ៉ុន ឬជាង ២៨ លានដុល្លារអាមេរិក មកត្រឹម ៣៣.១ ពាន់លានវ៉ុន ឬប្រមាណ ២១.៥ លានដុល្លារអាមេរិក។
រឿងក្ដីនេះបានចាប់ផ្ដើមកាលពីខែធ្នូឆ្នាំមុន នៅពេលដែល ADOR បានដាក់ពាក្យប្ដឹងដើម្បីទាមទារសំណងជុំវិញការធ្វើឱ្យក្រុមចម្រៀង NewJeans យឺតយ៉ាវក្នុងការត្រឡប់មកមានសកម្មភាពសិល្បៈឡើងវិញ ដោយសារតែបញ្ហាជម្លោះកិច្ចសន្យាអូសបន្លាយ។ ការបញ្ចុះទឹកប្រាក់សំណងជំងឺចិត្តនេះបានធ្វើឡើង បន្ទាប់ពី ADOR បានផ្លាស់ប្ដូរក្រុមមេធាវីថ្មី ខណៈមានការពិនិត្យសំណុំរឿងជាថ្មី ដើម្បីត្រៀមខ្លួនសម្រាប់សវនាការដែលនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែមិថុនា ខាងមុខនេះ។
ជម្លោះនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ នៅពេលដែលសមាជិកទាំង ៥ រូបនៃក្រុម NewJeans បានទាមទារឱ្យមានការតែងតាំងលោកស្រី Min Hee-jin ឱ្យចូលកាន់តំណែងជានាយកប្រតិបត្តិវិញ បន្ទាប់ពីទីភ្នាក់ងារបានដកលោកស្រីចេញពីតំណែងនេះកាលពីខែសីហាក្នុងឆ្នាំដដែល។ នៅពេលដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE Labels បដិសេធមិនធ្វើតាម សមាជិកក្រុមបានប្រកាសថាកិច្ចសន្យារបស់ពួកគេ និងទីភ្នាក់ងារត្រូវបានបញ្ចប់ ដោយសារតែ ADOR រំលោភលើកិច្ចសន្យា។
ជាការឆ្លើយតប ADOR បានប្តឹងសុំការបញ្ជាក់សុពលភាពនៃកិច្ចសន្យា ដោយនៅខែតុលា ឆ្នាំ ២០២៥ តុលាការបានសម្រេចឱ្យ ADOR ជាអ្នកឈ្នះក្តី។ បន្ទាប់ពីសាលក្រមនោះមក Haerin និង Hyein បានប្រកាសត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារវិញ បន្តដោយ Hanni ខណៈ Minji កំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នា។
យ៉ាងណាមិញ សម្រាប់ Danielle ទីភ្នាក់ងារនេះបានសម្រេចបញ្ចប់កិច្ចសន្យា និងប្ដឹងទាមទារសំណងដូចស្ថានភាពបច្ចុប្បន្ន៕