បើទោះជាមានសញ្ជាតិកូរ៉េហើយក៏ដោយ ក៏ ស្រួង ភាវី កីឡាការិនីស្នូឃ័រដែលមានដើមកំណើត ព្រមទាំងឈាមជ័រខ្មែរនៅតែបង្ហាញឲ្យពិភពលោកដឹង ឮ និងស្គាល់ពីខ្មែរ តាមរយៈឈុត «ស្បៃ» ដែលស្ត្រីវ័យជាង ៣០ ឆ្នាំរូបនេះ គ្រងពេលទទួលពានរង្វាន់នៅកូរ៉េ កាលពីយប់មិញ។
ក្នុងកម្មវិធី PBA Golden Cue Awards 2026 ដែលជាកម្មវិធីប្រគល់ពានរង្វាន់កីឡាប៊ីយ៉ាការ៉ុមប្រចាំឆ្នាំនៅប្រទេសកូរ៉េខាងត្បូង ហើយកីឡាការិនីប៊ីយ៉ា និងស្នូឃ័រកម្ពុជា ស្រួង ភាវី ក៏ទទួលបានពានរង្វាន់កិត្តិយសពិសេសមួយផងដែរ ដោយសារឈុតស្បែប្រពៃណីខ្មែរ គឺពានរង្វាន់សម្លៀកបំពាក់ស្រស់ស្អាតបំផុត។
កីឡាការិនី ស្រួង ភាវី ដែលមានស្រុកកំណើតនៅត្បូងឃ្មុំ បានឲ្យដឹងតាមរយៈបណ្ដាញសង្គមនាងថា សហព័ន្ធកីឡាប៊ីយ៉ារ៉ុមអន្តរជាតិបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់ប្រចាំឆ្នាំ ដល់កីឡាករដែលបានខិតខំប្រែងយ៉ាងខ្លាំងក្នុងការចូលរួមប្រកួតពេញមួយឆ្នាំនៅក្នុងខែមីនា ឆ្នាំ ២០២៦ ដែលមានកីឡាករ កីឡាការិនីមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងនោះអ្នកនាងក៏បានចូលរួមក្នុងកម្មវិធីនោះដូចគ្នា។
អ្នកនាងបានបន្ថែមថា សម្រាប់នាង ឆ្នាំនេះមិនបានពានរង្វាន់ពិសេសអ្វីទេ ដោយសារធ្លាក់ទឹកដៃ លទ្ធផលក៏មិនជាល្អប៉ុន្មានឡើយ។ តែទោះជាយ៉ាងណា នាង សន្យាថានឹងខិតខំហ្វឹកហាត់បន្ថែមដើម្បីស្វែងរកពានរង្វាន់ និងកេរ្តិ៍ឈ្មោះឲ្យខ្ពស់ជាងនេះ។
ចំណែកពានរង្វាន់ដែលអ្នកនាងទទួលបាន គឺតំណាងឲ្យឈុតប្រពៃណីខ្មែរដែលបានស្លៀកពាក់។ កីឡាការិនី ស្រួង ភាវី បានបន្ថែមថា “ខ្ញុំគិតថា ខ្ញុំអត់បានពានទេ ខ្ញុំស្លៀកឈុតនេះគឺគ្រាន់តែចង់បង្ហាញអត្តសញ្ញាណខ្មែរឲ្យប្រទេសគេបានឃើញ តែមិននឹកស្មានថា ខាងកម្មវិធីបានផ្ដល់ពាននេះដើម្បីតំណាងឲ្យឈុតប្រពៃណីខ្មែរដែលខ្ញុំស្លៀកថ្ងៃនេះ គេពេញចិត្ត និងលេចធ្លោជាងគេ“៕
រូបភាព៖ Sruong Pheavy